(ភ្នំពេញ)៖ សត្វប្រើសស្បូវញីមួយក្បាល ដែលជាប់អន្ទាក់ព្រាន នៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ត្រូវបានជួយសង្គ្រោះ និងបានព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ ប្រកបដោយសុវត្ថិភាព កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១។ នេះជាការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា «ប្រើសញីនេះមានទម្ងន់ប្រមាណពី១៥០ ទៅ២០០គីឡូក្រាម ត្រូវបានមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការតំបន់ស្នូល បានប្រទះឃើញជាប់អន្ទាក់នៅអំឡុងពេលពួកគាត់បានដើរល្បាតចាប់ពីខាងក្រោយស្នាក់ការរហូតទៅដល់ចំណុចត្រពាំងកើយអណ្ដើក ស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្ដរមានជ័យ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ»

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងកោតសរសើរចំពោះមន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន នៃមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ ដែលបានជួយសង្គ្រោះសត្វប្រើសដែលជាប្រភេទសត្វមានដោយបង្គួរ និងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN នេះ បានទាន់ពេលវេលា។

លោក នេត្រ ភក្ត្រា បានបន្តថា មន្ត្រីឧទ្យានុរក្សបានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដោយក្នុងនោះមិនមែនត្រឹមតែចុះល្បាតដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ឬការលួចកាប់ឈើខុសច្បាប់តែក៏មានតួនាទីក្នុងការសង្គ្រោះសត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត ផងដែរដោយបានដោះអន្ទាក់ និងសង្គ្រោះសត្វព្រៃពីការជាប់អន្ទាក់។

យោងតាមរបាយការណ៍ ៩ ខែឆ្នាំ ២០២១នេះ មន្ត្រីឧទ្យានុរក្សបានអន្ទាក់ជិត ៣ម៉ឺនអន្ទាក់ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិនៅទូទាំងប្រទេស និងសត្វព្រៃជាច្រើនក្បាលត្រូវបានជួយសង្គ្រោះ និងព្រលែងចូលក្នុងព្រៃ។

យោងតាមការសិក្សារបស់អ្នកជំនាញ ប្រើសជាប្រភេទសត្វមានដោយបង្គួរ និងត្រូវបានចុះក្នុង បញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ ដែលវារស់នៅ។ សត្វប្រើសមានវត្តមាននៅតាមតំបន់ការពារធម្មជាតិនានានៅភូមិភាគខាងជើង និរតី និងភូមិភាគឥសាន នៃប្រទេសកម្ពុជា។ គេក៏បានឃើញផងដែរ នៅប្រទេសឥណ្ឌា ប្រទេសចិន និងភូមិភាគអាស៊ីអាគ្នេយ៍ រួមទាំងកោះស៊ូម៉ាត្រា កោះចាវា និងបរណេអូ។

ប្រើសជាសត្វដែលអាចរស់នៅគ្រប់ជម្រកទាំងអស់រួមទាំងព្រៃស្រោង ពាក់កណ្តាលស្រោង និងព្រៃរបោះ។ វារកស៊ីនៅពេលព្រលប់ និង ពេលព្រលឹមហើយសម្រាកនៅពេលថ្ងៃនៅតាមព្រៃក្រាស់ៗ។ ចំណីរបស់វាមានដូចជាចុងបែកឈើតូចៗ ស្លឹកឈើ ប្រភេទវល្លិ៍ពន្លក (ត្រួយ) ផ្លែឈើជ្រុះ និងស្មៅ។

ប្រើសចូលចិត្តស៊ីដីច្រាប ពិសេសប្រើស ឈ្មូលដែលកំពុងតែលូតលាស់ស្នែង និងមានជារៀងរាល់ឆ្នាំ នៃរេដូវកាវ់ស្នែងប្រព្រឹត្តទៅក្នុងខែកក្កដា និងកញ្ញា។ នៅរដូវបន្តពូជ ប្រើសឈ្មោលតែងតែជល់គ្នាយកឈ្នះ ដើម្បីគ្រប់គ្រងតំបន់ និងពាក់ញី ដែលនៅក្នុងហ្វូងរហូតដល់៨ក្បាល។ ប្រើសញីកើតកូនម្តងបានតែ១ក្បាល បន្ទាប់ពីពរពោះបានរយៈពេល៨ខែ។

ជាថ្មីម្តងទៀត រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការបរបាញ់ និងបរិភោគសាច់សត្វព្រៃ ព្រោះវាគ្មានផលប្រយោជន៍អ្វីសម្រាប់សុខភាពឡើយ តែអាចនឹងបង្កហានិភ័យដល់សុខភាព និងកើតជំងឺផ្សេងៗ ព្រោះសាច់សត្វព្រៃមានផ្ទុកដោយមេរោគដោយ «និយាយថាទេចំពោះសាច់សត្វព្រៃ ដើម្បីបញ្ឈប់ការបរបាញ់ និងដាក់អន្ទាក់សម្លាប់សត្វ»

បន្ថែមពីនេះលោកបានបញ្ជាក់ថា ជនទាំងឡាយណាដែលបន្តបំពាននឹងបំរាម នឹងត្រូវប្រឈមមុខច្បាប់ជាធរមាន ប្រសិនបើមន្ត្រីមានសមត្ថកិច្ចចាប់បាន៕