(ថៃ)៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា បានចុះសិក្សាស្វែងយល់អំពីគម្រោង «ទេសចរណ៍វេជ្ជសាស្រ្ត និងសុខភាព- Medical and Healthy Tourism» នៅមន្ទីរពេទ្យយសោធន ក្នុងខេត្តយសោធន និងខេត្តមុកដាហាន ដែលជាកម្មវិធីទេសចរណ៍ជោគជ័យមួយនៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ន។

នៅពេលវិបត្តិកូវីដ១៩ មានភាពធូរស្រាល ប្រទេសកម្ពុជា ក៏ដូចជាប្រទេសថៃនឹងបើកទទួលអ្នកទេសចរមកពីជុំវិញពិភពលោកឡើងវិញតាមបែបគន្លងថ្មី (New Normals)។ ក្នុងនោះ ក្រុមអ្នកទេសចរដែលនឹងចាប់ផ្តើមធ្វើដំណើរមុនគេ គឺជាអ្នកដែលបានត្រៀមខ្លួនរួចជាស្រេចលើបញ្ហាសុខភាពដោយពួកគេនឹងគិតគូរពីបញ្ហាសុខភាពជាអាទិភាព តាមរយៈការប្រើប្រាស់ភាពច្នៃប្រឌិតខ្ពស់ និងបច្ចេកវិទ្យាសម្រាប់កំណត់គោលដៅនៃការធ្វើដំណើរ។ ដូច្នេះអាជីវកម្មទេសចរណ៍ និងបុគ្គលិក បម្រើការងារក្នុងឧស្សាហកម្មទេសចរណ៍ទាំងនៅប្រទេសកម្ពុជា និងប្រទេសថៃ ត្រូវតែផ្លាស់ប្តូរទម្លាប់ការងារចាស់ ឬត្រូវសម្របខ្លួនទៅនឹងការផ្លាស់ប្តូរតាម «គន្លងប្រក្រតីភាពថ្មី» ដែលខុសពីទម្លាប់មុនការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។

លោកបណ្ឌិត សុខ សុក្រឹត្យា បានលើកថា ទេសចរណ៍សុខភាពនឹងក្លាយជានិន្នាការថ្មីបន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺកូវីដ១៩។ ដូច្នេះគ្រប់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍គួរតែត្រៀមខ្លួន ដើម្បីស្វាគមន៍ភ្ញៀវទេសចរដែលបារម្ភអំពីសុខភាពរបស់ពួកគេ។ កត្តាសំខាន់បន្ទាប់ គឺការធានាបាននូវសុវត្ថិភាព ការផ្តល់ព័ត៌មានរហ័ស ភាពស្អាត និងអនាម័យជូនភ្ញៀវ ដែលជាមូលដ្ឋានចាំបាច់សម្រាប់អាជីវកម្មនីមួយៗក្នុងការជួយបង្កើនទំនុកចិត្តដល់ភ្ញៀវ និងកាត់បន្ថយហានិភ័យនៃការផ្ទុះឡើងនូវជំងឺរាតត្បាតផ្សេងៗផងដែរ។

លោក ផុនផល ផេថង ប្រធានក្លឹបច្នៃប្រឌិតប្រព័ន្ធផ្សព្វផ្សាយសម្រាប់ទេសចរណ៍នៃប្រទេសថៃ បានលើកឡើងថា និន្នាការនៃការធ្វើដំណើរនឹងផ្លាស់ប្តូរទាំងស្រុងពីទម្រង់ដើម។ កាលពីមុនអ្នកទេសចរនិយមការធ្វើដំណើរជាក្រុមធំៗ ឬដំណើរកម្សាន្តជាក្រុម ប៉ុន្តែចាប់ពីពេលនេះទៅ ការធ្វើដំណើរកម្សាន្តនឹងផ្លាស់ប្តូរទៅជាក្រុមតូច និងឯករាជ្យ (Free Independent Traveler-FIT)។ ដើម្បីកាត់បន្ថយហានិភ័យសម្រាប់អាជីវកម្មទេសចរណ៍ និងភ្ញៀវដែលមកកម្សាន្ត អាចរៀបចំការធ្វើដំណើរជាក្រុមធំដោយការគ្រប់គ្រងការធ្វើដំណើរតាមរយៈរថយន្តឯកជន ឬការធ្វើដំណើរក្នុងទម្រង់សុវត្ថិភាពមួយផ្សេងពីទម្រង់ដើម ចំណែកប្រភេទនៃសេវាកម្មស្នាក់នៅទេសចរណ៍ និងរយៈពេលនៃការស្នាក់នៅរបស់ភ្ញៀវទេសចរក៏អាចនឹងត្រូវបានកែសម្រួលថ្មីផងដែរ។

លោកបណ្ឌិត សុខ សុក្រឹត្យា បង្ហាញសុទិដ្ឋិនិយមថា ការសហការគ្នារៀបចំបើកទទួលទេសចរអន្តរជាតិដោយការផ្តល់កញ្ចប់សេវាទេសចរណ៍ពិនិត្យសុខភាពសម្រាប់ជនជាតិខ្មែរ-ថៃ ដែលកញ្ចប់ទេសចរណ៍សុខភាពនេះ នឹងផ្តល់ជូនទេសចរទាំងដំណើរកម្សាន្តផង ទាំងសុខភាពល្អផង ព្រោះថាបច្ចុប្បន្នមានជំងឺថ្មីៗជាច្រើន ដូច្នេះ សុខភាពគឺជារឿងសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប ការថែរក្សាសុខភាពឲ្យបានល្អគឺជារឿងចាំបាច់ ។

ក្នុងដំណើរចុះសិក្សាស្វែងយល់ពីវិស័យទេសចរណ៍សុខភាពនេះ លោកបណ្ឌិត សុខ សុក្រឹត្យា និងក្រុមការងារត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីអាជ្ញាធរខេត្ត និងលោកស្រី Prapasri Suchantabutr សមាជិកព្រឹទ្ធសភា និងជាប្រធានមន្ទីពេទ្យ Dr. Han Group Hospital ព្រមទាំងសហការី។

សូមបញ្ជាក់ថា Dr. Han Group Hospital ជាក្រុមហ៊ុនឯកជនផ្តល់សេវាផ្នែកសុខាភិបាលដ៏មានទំនុកចិត្តមួយនៅភាគឥសាន្តរបស់ប្រទេសថៃ បច្ចុប្បន្នមានមន្ទីរពេទ្យជាសាខាចំនួន៤ ក្នុងនោះមានមន្ទីរពេទ្យសាខា១ នៅខេត្តសៀមរាប ប្រទេសកម្ពុជាផងដែរ។

លោកវេជ្ជបណ្ឌិត Hann Suchantabutr ជាគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យក្នុងសម្ព័ន្ធក្រុមហ៊ុន Dr. Han Group Hospital ដែលផ្តល់សេវាព្យាបាលជំងឺមហារីក និងជំងឺតម្រងនោម៕