(ភ្នំពេញ)៖ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្តនានា ត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ដើម្បីការពារកុំឱ្យមានការចម្លងជំងឺកូវីដ១៩។

តាមរយៈ Facebook នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយសារស្ថានភាពឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ យើងមិនអាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណីជាតិបាននៅតាមទីវត្តអារាម។ អ្វីដែលសំខាន់បំផុតនៅពេលនេះគឺយើងត្រូវតែថែរក្សាអាយុជីវិតឱ្យបាន នោះគឺយើងនៅតែមានឱកាសអាចប្រាព្ធពិធីបុណ្យភ្ជុំបិណ្ឌនិងពិធីបុណ្យសំខាន់ៗជាច្រើនទៀតនៅពេលក្រោយ។

ជាមួយនឹងការថ្លែងអំណរគុណដល់ជនរួមជាតិដែលបាននាំយកនូវបច្ច័យទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម ដោយអនុវត្តទៅតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដូច្នេះថា «ទន្ទឹមនឹងនេះ ចំពោះបងប្អូនដែលទៅកំសាន្តនៅទីរមណីយដ្ឋាននានា សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត គឺត្រូវពាក់ម៉ាស់ ដុសសម្អាតដៃជាមួយសាប៊ូ ចិលឬអាល់កុលឱ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព។ កុំទៅទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដែលមានហានិភ័យខ្ពស់»

សម្តេចតេជោ ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈទាំងតាមដងផ្លូវធ្វើដំណើរ តាមទីរមណីយដ្ឋាននានា និងនៅតាមវត្តអារាមដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសុខភាពបង្កាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះ សម្តេចបានជូនពរបងប្អូនជនរួមជាតិសុខសប្បាយគ្រប់ទីកន្លែង មានសុវត្ថិភាពក្នុងការធ្វើដំណើរ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា៕