(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១នេះ បានណែនាំដល់ស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់ ត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ។

ការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខ រយៈពេល០៩ខែ និងលើកទិសដៅបន្ត ត្រីមាសទី៤ ឆ្នាំ២០២១ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានក្រើនរំលឹកដល់ នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោកទាំងអស់ ក៏ត្រូវបន្តចូលរួមអនុវត្តវិធានការសុខាភិបាល «៣កុំ ៣ការពារ» ឲ្យបានខ្ជាប់ខ្ជាប់ ដើម្បីការពារសុខភាពខ្លួនឯង ក្រុមគ្រួសារ និងអង្គភាព ជាពិសេសការប្រុងប្រយ័ត្នចំពោះហានិភ័យ ក្នុងឱកាសនៃការជួបជុំផ្សេងៗ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។

ព្រមពេលជាមួយគ្នានេះ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៅគ្រប់បណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច សម្រេចបានស្នាដៃ និងសមិទ្ធិផលការងារជាច្រើនក្នុងរយៈពេល០៩ខែ ដើមឆ្នាំ២០២១នេះជាអាទិ៍ ការពារបូរណភាពទឹកដី, ការថែរក្សាសុខសន្តិភាព, ស្ថិរភាព, សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ, ការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ, ការជួយឧបត្ថម្ភគាំទ្រដោះស្រាយការលំបាកជូនអតីតយុទ្ធជន និងប្រតិបត្តិការចុះជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះមហន្តរាយទឹកជំនន់ ជាដើម។

បើតាមលោក ហ៊ុន ម៉ាណែត នៅចំពោះមុខបញ្ហាប្រឈមនៃជំងឺកូវីដ-១៩ ក្នុងពេល០២ឆ្នាំចុងក្រោយនេះ កងទ័ពជើងគោក បាននិងកំពុងមមាញឹកសស្រាក់ស្រាំ ចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងគ្រប់កិច្ចការទាំងអស់ ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាតជាសាកលនេះ តាមរយៈសកម្មភាពជាច្រើន ដូចជា៖ ការការពារសន្តិសុខនៅតាមមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័ក, ការដឹកជញ្ជូនស្បៀងចែកជូនប្រជាពលរដ្ឋ, ការចូលរួមអនុវត្តវិធានការបិទខ្ទប់, ការចុះបាញ់ថ្នាំសម្លាប់មេរោគតាមទីកន្លែងសាធារណៈ, ការជួយដឹកជញ្ជូនប្រជាពលករត្រលប់មកពីប្រទេសថៃ, និងការចូលរួមក្នុងយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ដោយសម្រេចបានជោគជ័យគួរជាទីមោទនៈ។

លើសពីនេះ អនុវត្តតាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន កងទ័ពជើងគោក ក៏បានរៀបចំមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័ក នៅតាមបណ្តាយោធភូមិភាគ និងកងពលមួយចំនួន ដើម្បីជួយព្យាបាល និងថែទាំសុខភាព ជូនយោធិន គ្រួសារយោធិន ឲ្យបានដិតដល់ពេញលក្ខណៈកាន់តែប្រសើរ៕