(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសេច ក្ដីណែនាំ ស្ដីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១។

ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ និងដើម្បីការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ស្របពេលដែលកម្ពុជា ក៏ដូចជាខេត្តព្រះសីហនុ កំពុងឈានទៅបើកដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យ រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំ និងដាក់ចេញនូវវិធានការដូចខាងក្រោម៖

*ទី១៖ ក្នុងអំឡុងពេលឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរទេសចរណ៍ខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធរួមសហការ ជាមួយកងកម្លាំងមានសមត្ថកិច្ច និងគណៈអភិបាលក្រុង ស្រុក ព្រមទាំងក្រុមការងារ ដែលមានការពាក់ព័ន្ធត្រូវ៖

* យកចិត្តទុកដាក់ត្រួតពិនិត្យឲ្យបានម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពង្រឹងអនុវត្តវិធានការសុខាភិបាលនានា ជាពិសេសត្រូវអនុវត្តនូវវិធានការ «៣ការពារ និង៣កុំ» វិធានការរដ្ឋបាល និងវិធានការច្បាប់ដែលចាំបាច់នានា សំដៅពង្រឹងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសនៅពេលធ្វើដំណើរដោយមធ្យោបាយរួម ព្រមទាំងការជួបជុំ ការប្រមូលផ្តុំមនុស្ស នៅតាមកន្លែងចេញដំណើរ ឬនៅតាមរមណីយដ្ឋាននានា។

* ចុះពិនិត្យរឹតបន្តឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បរមាសម្រាប់អាជីវកម្មទេសចរណ៍ ដែលបានដាក់ចេញដោយ ក្រសួងទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ជាអាទិ៍ រមណីយដ្ឋាន ភោជនីយដ្ឋាន អាហារដ្ឋាននានានៅក្នុងខេត្ត។

* បន្តយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអប់រំណែនាំប្រជាពលរដ្ឋទូទៅអំពីការទប់ ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងត្រៀមលក្ខណៈសម្បត្តិជាប្រចាំក្នុងការត្រៀមអន្តរាគមន៍ទប់ស្កាត់ ក្នុងករណីមានស្ថានភាពវិវត្តជាក់ស្តែង នៃការឆ្លងរាលដាលនៃជំងឺកូវី៥-១៩ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

*ទី២៖ នៅក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរទេសចរណ៍ខេត្ត ព្រមទាំងគណៈអភិបាលក្រុង ស្រុក ត្រូវសហការជាមួយវិស័យឯកជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន និងទីតាំងអាជីវកម្មនានា ត្រូវលើកទឹកចិត្តឱ្យធ្វើតេស្ករហ័សចំពោះបងប្អូនកម្មករ និយោជិត និងបុគ្គលិកបម្រើការងារ មុនពេលអនុញ្ញាតឲ្យចូលបម្រើការងារ ដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដោយ១៩ ដោយចំណាយលើឧបករណ៍ សម្ភារ និងដំណើរការយកវត្ថុសំណាកនេះ គឺជាបន្ទុករបស់រោងចក្រ សហគ្រាស ក្រុមហ៊ុននោះផ្ទាល់។

*ទី៣៖ ដោយឡែក សម្រាប់ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ក៏ត្រូវម្ចាស់ការពិនិត្យសុខភាពជូនមន្ដ្រីរាជការក្រោមឱវាទរបស់ខ្លួន ដើម្បីធានា ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ២៩ ក្នុងអង្គភាព។ ចំពោះមន្ទីរអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយគណៈអភិបាលក្រុង ស្រុក ដើម្បីដឹកនាំគ្រឹះស្ថានសិក្សានានាទូទាំងខេត្ត ឲ្យចាត់ចែងធ្វើតេស្ដរហ័សចំពោះបុគ្គលិកអប់រំ និងសិស្សានុសិស្សមុនបើកដំណើរការសាលារៀនជាថ្មី ក្រោយពេលបញ្ចប់បុណ្យភ្ជុំបិណ្ឌ។

*ទី៤៖ មន្ទីរធម្មការ និងសាសខេត្ត និងរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ត្រូវពិនិត្យតាមដានចំពោះការ ប្រែប្រួលស្ថានភាពសុខភាពព្រះសង្ឃ ដូនជី តាជីគណៈកម្មការ រវាចារ្យវត្ត និងសិស្សលោក នៅតាមទីអារាមនានាដើម្បីមានវិធានការទប់ស្កាត់ការឆ្លងរាលដាលទៃជំងឺកូវីដ១៩ ក្នុងទីវត្តអារាមនោះបានទាន់ពេលវេលា។

*ទី៥៖ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ននៅក្នុងអំឡុងពេលឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ និងត្រូវប្រកាន់ខ្ជាប់នូវ វិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសត្រូវរនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និងពកុំ» ស្របតាមការអំពាវនាវរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងត្រូវគោរព នូវវិធានការរដ្ឋបាល និងវិធានការច្បាប់ សំដៅការពារសុវត្ថិភាពផ្ទាល់ខ្លួន និងសមាជិកក្រុមគ្រួសារពីការឆ្លងជំងឺកូវីដ១៩៕