(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សមេ្តចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញពីនិត្យការស្ថាបនាលូ និងសាលាឆាន់ដែលនឹងត្រូវរុះរើកសាងឡើងវិញ ដើម្បីចូលរួមចំណែកលើកតម្កើនវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។

លោកបណ្ឌិត និងភរិយា បានចុះពិនិត្យការងារនេះ បានធ្វើឡើងនៅនាពេលថ្មីៗនេះ ក្រោយបានអញ្ជើញមកពីធ្វើបុណ្យនៅវត្តព្រៃល្វាជាមួយកូនចៅទាំងអស់ នៅឯខេត្តកំពង់ស្ពឺ ហើយត្រលប់មកវិញ ឈានចូលពិនិត្យវត្តវង្គត់បុរីកបិលភ័ស្ត នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនេះ លោកបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រី ហ៊ុន ប៊ុនធឿន បានឧបត្ថម្ភការស្ថាបនាលូរំដោះទឹក និងបានពិភាក្សាគ្នាជាមួយព្រះចៅអធិការវត្ត រួមនឹងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយបានឯកភាពគ្នាកសាងសាលាឆាន់ជាថ្មីឡើងវិញ ក្រោយពិនិត្យឃើញថាសាលាកំពុងសាងសង់ជំនាន់ចៅអធិការមុន មានភាពមិនប្រក្រតី ខុសបទដ្ឋានបច្ចេកទេស បារម្ភក្រែងលោកមានហានិភ័យណាមួយទៅថ្ងៃខាងមុខ។

មិនត្រឹមតែប៉ុណ្ណោះ លោកបណ្ឌិត និងភរិយា ក៏បានប្រគេនបច័្ចយមួយចំនួនធំដល់ចៅអធិការវត្តព្រៃល្វា នៅឯខេត្តកំពង់ស្ពឺ និងវត្តអង្គត់បុរី ទុកសម្រាប់កសាងសមិទ្ធផលនានា នៅក្នុងវត្ត និងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។

លោកបណ្ឌិត ស៊ាង ប៊ុនលាង បានមានសមតិសំណេះសំណាលជាមួយចៅអធិការវត្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់
សមេ្តចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិឱ្យមានសុខសន្តិភាពល្អប្រសើរ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅទូទាំងប្រទេសបានធ្វើបុណ្យធ្វើទាន ជាក់ស្តែងពិធីបុណ្យដាក់បិណ្ឌដែលមានរយៈពេល១ថ្ងៃ រហូតដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌ។

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត ស៊ាង ប៊ុនលាង ក៏បានអំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចនូវវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលបានណែនាំ ពិសេសគឺតាមវិធានការ «៣ការពារ និង៣កុំ» ឱ្យមានប្រសិទ្ធភាព។

លោកបណ្ឌិតក៏បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរតាមដងផ្លូវត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍មានការយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកក្នុងការធ្វើដំណើរដើម្បីសេចក្តីសុខ សុវត្ថិភាពទាំងអស់គ្នា៕