(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា គ្រូបង្រៀនគឺជាតួអង្គដ៏សំខាន់ និងជាបេះដូងនៃប្រព័ន្ធអប់រំ ព្រមទាំងជាចលករដ៏សំខាន់ក្នុងការបង្ហាត់បង្រៀន និងតម្រង់ទិសសិស្សានុសិស្សឱ្យទទួលបាននូវចំណេះដឹង សីលធម៌ ឥរិយាបថ និងកាយសម្បទារឹងមាំ ក្លាយជាធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសឱ្យសម្បូររុងរឿង។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន៥តុលា ដែលប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនធ្វើឡើងក្រោមប្រធានបទ «គ្រូបង្រៀនរក្សាបានតួនាទីសំខាន់ក្នុងការអប់រំគ្រប់កាលៈទេសៈ» លោករដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា បានគូសបង្ហាញជាច្រើននូវគុណតម្លៃរបស់គ្រូបង្រៀននៅក្នុងសង្គមជាតិ។

លោករដ្ឋមន្ត្រី បានលើកឡើងថា គ្រូបង្រៀនតែងតែផ្សារភ្ជាប់ និងមានទំនាក់ទំនងដ៏សំខាន់ជាមួយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រាប់ទាំងពីសម័យបុរាណកាល, សម័យសង្គមរាស្ត្រនិយម, សម័យស្តារឡើងវិញបន្ទាប់ពីរបបប្រល័យពូជសាសន៍, ការអភិវឌ្ឍគោលដៅសហសវត្សរ៍ និង ថ្មីៗនេះ ការអភិវឌ្ឍប្រកបដោយចីរភាព២០៣០។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គ្រូបង្រៀនតែងតែអនុវត្តនូវបេសកកម្មរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងបណ្ដុះបាននូវធនធានមនុស្សជំនាន់ក្រោយប្រកបដោយគុណភាព ជាបន្តបន្ទាប់ ដែលធនធានមនុស្សទាំងនោះ បាននិងកំពុងចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យសម្រេចបាននូវចក្ខុវិស័យនៅឆ្នាំ២០៣០ និង២០៥០»

លោករដ្ឋមន្ត្រី បានលើកឡើងទៀតថា គ្រូបង្រៀនតែងតែឆ្លងកាត់នូវបទពិសោធសព្វបែបយ៉ាង និងសម្របខ្លួនយ៉ាងមាន ប្រសិទ្ធភាពជាមួយនឹងការវិវត្តនៃប្រព័ន្ធអប់រំ ជាពិសេសក្នុងបរិបទថ្មីៗរបស់សកលលោក, តំបន់ និងកម្ពុជាផ្ទាល់។ កត្តាដែលគួរចាប់អារម្មណ៍គឺ មួយរយៈចុងក្រោយនេះ ស្របពេលដែល ព្រះ រាជាណាចក្រកម្ពុជាយើងកំពុងចាប់យកឱកាសពីយុគសម័យឌីជីថល, បដិវត្តន៍ឧស្សាហកម្មទី៤ និងសេដ្ឋកិច្ចឌីជីថល គ្រូបង្រៀនក៏រិតតែត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន និងរិះរកវិធីសាស្ដ្រ ក្នុងការបង្រៀន ដើម្បីធានាថាការសេវាអប់រំនឹងមានគុណភាពកម្រិតខ្ពស់ និងងាយទទួលយក នូវបច្ចេកវិទ្យាឌីជីថលយ៉ាងឆាប់រហ័ស។

លោក ហង់ ជួនណារ៉ុន បានគូសរំលេចផងដែរថា ក្នុងពេលដែលមានការកើនឡើងយ៉ាងឆាប់រហ័សនៃការប្រើប្រាស់ទូរសព្ទដៃនិងឧបករណ៍ វៃឆ្លាត ក៏ដូចជាការរីកចម្រើនយ៉ាងឆាប់រហ័សនៃផ្នែកបច្ចេកវិទ្យា និងឥទ្ធិពលដ៏លឿននៃឌីជីថ លភាវូបនីយកម្ម ដែលកំពុងកើតមាន នៅក្នុងគ្រប់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ គ្រូបង្រៀនក៏ត្រូវបន្តការសិក្សារៀនសូត្រ និងស្រាវជ្រាវបន្ថែមទៀត ចេះស្វែងរកព័ត៌មានដែលជាចំណេះដឹងថ្មី សម្រាប់គាំទ្រដល់ការបង្រៀនសិស្សានុសិស្ស និស្សិត និងយុវជនរបស់យើង។ ជាពិសេសសមត្ថភាពបច្ចេកវិទ្យា និងឌីជីថលរបស់គ្រូបង្រៀនពិតជាមានសារសំខាន់ណាស់ ក្នុងខណៈដែលសាលារៀន បន្ទប់រៀន និងហេដ្ឋារចនាសម្ព័ន្ធអប់រំដទៃទៀត កំពុងត្រូវបានអភិវឌ្ឍ និង បំពាក់ដោយឧបករណ៍បច្ចេកវិទ្យាទំនើបៗដើម្បីបំពេញសេចក្តីត្រូវការរៀនសូត្រតាមបែប ឌីជីថល ដូចជា បន្ទប់រៀន វៃឆ្លាត បន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍វិទ្យាសាស្ត្រ បណ្ណាល័យទំនើប និងការប្រើប្រាស់អ៉ីនធើណិតជាដើម។ល៕