(ភ្នំពេញ)៖ ការអប់រំនៅកម្ពុជា បានជួបនូវការលំបាក និងនាំមកនូវឱនភាពគួរឱ្យបារម្ភ ជាពិសេសនៅតាមទីជនបទក្នុងបរិបទសង្គមរងការរាតត្បាតនៃជំងឺកូវីដ១៩រយៈពេលជិត ២ឆ្នាំមកនេះ។ ក្នុងសុន្ទរកថាអបអរសាទរទិវាគ្រូបង្រៀនថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១នេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា រយៈពេលជិត ២ឆ្នាំនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តួនាទីរបស់គ្រូបង្រៀនរឹតតែ សំខាន់ជាងមុន ក្នុងការធានាបានទាំងសុវត្ថិភាពសុខភាព និងនិរន្តភាពនៃការសិក្សារបស់សិស្ស។

លោករដ្ឋមន្ត្រីបានលើកឡើងថា ក្រៅពីគិតគូរដល់កត្តាសុខភាពរបស់ខ្លួន និងការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ គ្រូបង្រៀនត្រូវឆ្លងកាត់បទពិសោធជាច្រើនដូចជា ការរិះរកវិធីសាស្ត្របង្រៀន, សកម្មភាពបង្រៀន, ការជួយសិស្ស, និងទំនាក់ទំនងជាមួយសិស្ស មាតាបិតាសិស្ស តាមរូបភាពជាការ បង្រៀនពីចម្ងាយ ការរៀនតាមបណ្តុ ការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក ការបែងចែក និង កែសន្លឹកកិច្ចការ ការថតវីដេអូបង្រៀន។ល។ កត្តាទាំងនេះមិនទាន់រាប់បញ្ចូល នូវការលំបាក ផ្សេងៗទៀត ដែលគ្រូបង្រៀនជួបប្រទះ ដូចជាផលប៉ះពាល់មកលើសេដ្ឋកិច្ចគ្រួសារ និងការ ទទួលរងនូវស្ថានភាពថប់អារម្មណ៍ ឬជំងឺផ្សេងៗ។

ទោះបីជាគ្រូបង្រៀនបានខិតខំប្រឹងប្រែងតាមគ្រប់រូបភាពយ៉ាងណាក៏ដោយ ក៏ការសិក្សារបស់សិស្ស និងនិស្សិតជួបប្រទះនូវការលំបាក និងការបាត់បង់ការសិក្សាយ៉ាងច្រើន។ នេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីអប់រំ។

លោក ហង់ជួន ណារ៉ុន បានលើកឡើងថា ឆ្លើយតបនឹងបញ្ហាប្រឈមខាងលើរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញ និងកំពុងបង្កើនល្បឿន ក្នុងការអនុវត្តនូវវិធានការដ៏មានប្រសិទ្ធភាព និងទន់ភ្លន់ ដើម្បីធានានូវនិរន្តរភាពនៃការសិក្សា និងដំណើរការឡើងវិញគ្រឹះស្ថានសិក្សាឡើងវិញ។ វិធានការទាំង៥នោះរួមមាន៖

*ទី១៖ បង្កើតបរិយាកាសក្នុងគ្រឹះស្ថានសិក្សាល្អប្រសើរ ប្រកបដោយសុវត្ថិភាព ដើម្បីការពារគ្រូ និងសិស្ស រួមបញ្ចូលទាំងការប្រឹក្សាអំពីសុខភាពផ្លូវចិត្ត និងការលើកទឹកចិត្តដល់សហគមន៍ក្នុងការចូលរួមគ្រប់គ្រងសាលារៀន

*ទី២៖ អនុវត្តការសិក្សាតាមបែបចម្រុះ ដោយរួមបញ្ចូលគ្នានូវការរៀនក្នុងថ្នាក់ក្នុងសាលារៀន ការរៀនតាមប្រព័ន្ធឌីជីថល ការរៀនតាមទូរទស្សន៍ ការរៀនតាមក្រដាសកិច្ចការ និងការរៀនដោយខ្លួនឯង។

*ទី៣៖ អនុវត្តកម្មវិធីសិក្សាដែលមានភាពទន់ភ្លន់ ដោយផ្តល់អាទិភាពដល់ការរៀនអាន និងការគណិតវិទ្យានៅកម្រិតដំបូងនៅបឋមសិក្សា និងការរៀនតាមបែបសង្កេត និងស្វ័យសិក្សានៅកម្រិតមធ្យមសិក្សា។ ការរៀនតាមកម្មវិធីសិក្សាបង្រួញដោយផ្តោតលើមុខវិជ្ជាសំខាន់ៗ និងមានរៀបចំជាសេចក្តីសង្ខេបមេរៀន សម្រាប់សិស្សរៀនដោយខ្លួនឯង។

*ទី៤៖ ប្រើប្រាស់ខ្លឹមសារឌីជីថល ដែលបង្កើតឡើងដោយគ្រូឆ្នើមរបស់យើងនឹងអាចជួយដោះស្រាយបញ្ហាកង្វះគ្រូនៅតំបន់ជនបទ ក៏ដូចជាកង្វះគ្រូដែលមានសមត្ថភាពផងដែរ។

និងទី៥៖ បន្តអនុវត្តកំណែទម្រង់សាលារៀន ដើម្បីធ្វើឱ្យសាលារៀនមានទំនួលខុសត្រូវចំពោះឪពុកម្តាយសិស្ស និងសហគមន៍ តាមរយៈការផ្លាស់ប្តូរវប្បធម៌សាលា និងការលើកទឹកចិត្តឱ្យសហគមន៍ចូលរួម ក្នុងការគ្រប់គ្រងសាលារៀន និងការគាំទ្រដល់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព។

ក្នុងសុន្ទរថាអបអរសាទរទិវាគ្រូបង្រៀន៥តុលា ក្រោមប្រធានបទ «គ្រូបង្រៀនរក្សាបានតួនាទីសំខាន់ក្នុងការអំប់រំគ្រប់កាលៈទេសៈ» លោក ហង់ជួន ណារ៉ុន បានកោតសរសើរលោកគ្រូ អ្នកគ្រូ ដែលបានខិតខំសិក្សាបន្ថែមលើជំនាញឌីជីថលថ្មីៗ ដើម្បីផ្តល់នូវការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកដល់សិស្សនៅតំបន់ទីក្រុង និងលោកគ្រូ អ្នកគ្រូមួយចំនួនទៀត បានធ្វើដំណើរទៅកាន់ភូមិ នៅតំបន់ជនបទ ដើម្បីបង្កើតជាបណ្តុំនៃការរៀនសូត្រជាក្រុមតូចៗ ដើម្បីឱ្យសិស្សបានបន្តការសិក្សា ក្នុងអំឡុង ពេលនៃការផ្អាកដំណើរការគ្រឹះស្ថានសិក្សាជាបណ្តោះអាសន្ន៕