(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ នៅតែទទូចសុំឱ្យប្រជាពលរដ្ឋ បន្តធ្វើអនាម័យឱ្យបានខ្ជាប់ខ្ជួនជានិច្ច តាមរយៈការពាក់ម៉ាស រក្សាគម្លាត និងការលាងដៃនិងសាប៊ូឱ្យបានញឹកញាប់ ក្រោយពីទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩ រួចហើយក៏ដោយ សូមកុំភ្លេចបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ជាប្រចាំជានិច្ច ព្រោះកូវីដ១៩ ពិសេសកូវីដបំប្លែងថ្មី មិនងាយភ្លេចយើងទេ ក្រោមការយកចិត្តទុកដាក់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា។

ការអំពាវនាវរបស់អភិបាលខណ្ឌឫស្សីកែវ បានធ្វើឡើងក្នុងពេលលោក និងលោក ស៊ូ សោគន្ធ ក្នុងនាមជាគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានដឹកនាំក្រុមការងារគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាសង្កាត់ នាំយកអំណោយដ៏ថ្លៃថ្លាបំផុត របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ រស់នៅសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១។

លោក ឯក ឃុនដឿន បានប្រាប់ឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ ក្នុងការផ្លាស់ប្ដូរទំលាប់ធ្វើការងារ និងការរៀនរស់តាមបែបគន្លងថ្មី នៃបរិបទកូវីដ-១៩ ផងដែរ បន្ទាប់ពីអភិបាលខណ្ឌឫស្សីកែវរូបនេះ បានដាស់តឿនបន្ថែមទៀត ឱ្យបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩ រួចហើយក៏ដោយ សូមកុំភ្លេចនូវការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានជាប់ជានិច្ច ព្រោះកូវីដ១៩ មិនងាយបំភ្លេចយើងទេ ដែលជាសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា៕