(កណ្ដាល)៖ លោក ចៅ តុល អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ និងជានាយករងខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ បានសំណេះសំណាលសួរសុខទុក្ខ លោកគ្រូ សិស្សឥស្លាម និងប្រជាការពារជាច្រើននាក់ ព្រមទាំងផ្ដាំផ្ញើឲ្យខិតខំសិក្សារៀនសូត្រ និងបង្រៀនឲ្យអស់ពីសមត្ថភាព។

លោក ចៅ តុល បានលើកឡើងបន្ថែមពីគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរយកចិត្តទុកដាក់ ដល់គ្រប់សាសនិកទាំងអស់ ក្នុងនោះសាសនិកឥស្លាមត្រូវបានលើកតម្កើនឡើង ហើយលោកគ្រូ-អ្នកគ្រូ ក៏ទទួលបានក្របខណ្ឌ មានប្រាក់បៀរវត្សន៍ត្រឹមត្រូវ ព្រមទាំងមានសាលារៀនសាសនាឥស្លាមជាច្រើនផងដែរ នៅតាមមូលដ្ឋានសហគមឥស្លាម។

លោក ចៅ តុល បានលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលស្រលាញ់សាសនិកឥស្លាម និងស្រលាញ់គ្រប់សាសនិកទាំងអស់ ក្នុងទិសដៅរស់នៅក្រោមដំបូលសន្តិភាពទាំងអស់គ្នា ប្រកបដោយសេចក្ដីសុខ ហើយនេះជាភ័ព្វសំណាងណាស់ដែលយើងមានមេដឹកនាំប្រកបដោយចិត្តធម៌ និងមានសមត្ថភាពខ្ពស់។

លោកចៅ តុល បានបន្ថែមថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានគ្រប់គ្រងបានយ៉ាងល្អបំផុត មិនឲ្យមានការរីករាលដាលឆ្លងជំងឺកូវីដ១៩ លក្ខណៈទ្រង់ទ្រាយធំ ដោយសម្ដេចបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃ គ្មានបានសម្រាកស្រួលខ្លួនឡើយ ធ្វើយ៉ាងណាខិតខំរកសេចក្ដីសុខជូនពលរដ្ឋ ទូទាំងនគរកម្ពុជា ឲ្យចៀសផុតនូវគ្រោះកម្ម នៃជំងឺកូវីដ១៩នេះ ពិសេសគិតគូរពីសុខទុក្ខរបស់ប្រជារាស្ត្រគ្រប់ស្រទាប់វណ្ណៈ ដោយគ្មានប្រកាន់និន្នាការនយោបាយអ្វីឡើយ។

សូមជម្រាបថា តាមរយៈការចុះជួយខ្នះខ្នែងជួយពីសំណាក់លោក ចៅ តុល ស្រុកកោះធំ ហាក់ប្រែប្រួលមុខមាត់យ៉ាងខ្លាំង ដោយមានការរីកចម្រើន ពិសេសទៅលើវិហារឥស្លាមដ៏ធំលំដាប់ទី២នៅកម្ពុជា, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការសាងសង់ច្រាំងទន្លេក្រោយវិហារឥស្លាម, ការដាក់អំពូលភ្លើងសូឡា, ការស្ថាបនាផ្លូវបេតុង, ការកសាងសាលារៀនសាសនាឥស្លាម, ការកសាងខ្លោងទ្វាវិហារឥស្លាម, ការជួសជុលដំបូលវិហារ, ការក្រាលការ៉ូឡា, ការរៀបចំសួន, ការយុបតែងឈើក្នុងវិហារឥស្លាម, ការរើបចំរុបតែងគ្រឿងលម្អគ្រប់បែបយ៉ាងក្នុងវិហារ ដែលគិតជាថវិកាខ្ទង់លានដុល្លាឯណោះ ដែលការរីកចម្រើននេះ ទទួលបានការសាទរជាអនេកពីសំណាក់ប្រជាពលរដ្ឋទូទាំងស្រុកកោះធំ ពិសេសគឺសម្រាប់សាសនិកឥស្លាមតែម្ដង។

គម្រោងសាសងសង់វិហារនៅភូមិចាមក្រោម មានតម្លៃជាង២០ម៉ឺនដុល្លា ក៏គ្រោងនឹងសាងសង់ជាបន្តបន្ទាប់ផងដែរ ក្រោមការដឹកនាំរបស់លោក ចៅ តុល៕