(ព្រៃវែង)៖ លោក ហុង ជុងឃាង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជ្រៃ តំណាងលោក ទូច ពលៈ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំជ្រៃ ស្រុកស្វាយអន្ទរ និងលោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ រួមជាមួយនឹងក្រុមការងារ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១នេះ បាននាំយកបច្ច័យ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងឃុំជ្រៃ ស្រុកស្វាយអន្ទរ ចំនួន៦វត្ត នៅក្នុងបរិបទនៃជំងឺកូវីដ១៩ នាឱកាសបុណ្យភ្ជុំបិណ្ឌ។

នាឱកាសនោះដែរ លោក ហុង ជុងឃាង ក៏បានលើកឡើងថាក្នុងបរិបទនៃជំងឺកូវីដ១៩ កំពុងតែរីករាលដាលឆ្លងនេះ រាជរដ្ឋាភិបាល បានសម្រេចផ្អាកពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩ ពីសហគមន៍មួយ ទៅសហគមន៍មួយ នៅក្នុងឱកាសនៃពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលមានមនុស្សច្រើនមកវត្តអារាមនេះ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ដោយអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «៣ការពារ និង៣កុំ» ឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេស មេរោគបំប្លែងថ្មី Delta ឱ្យមានប្រសិទ្ធភាពខ្ពស់។

បច្ច័យ និងទេយ្យទាន ដែលបាននាំទៅប្រគេនព្រះសង្ឃដោយក្នុងមួយវត្តទទួលបានអង្ករ, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, មី, ទឹកសុទ្ធ, ទឹកក្រូច និងបច្ច័យមួយចំនួនផងដែរ៕