(ភ្នំពេញ)៖ សហគមន៍នេសាទប្រជុំកោះរ៉ុង-កោះរ៉ុងសន្លឹម បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់មេត្តាកុំចាប់ ទិញ-លក់ ដឹកជញ្ជូនក្ដាមសេះ និងក្តាមខ្លាដែលមានគ្រាប់ពងនៅខាងក្រៅជាដាច់ខាត។

សហគមន៍នេសាទប្រជុំកោះរ៉ុង-កោះរ៉ុងសន្លឹម បានឱ្យដឹងថា តាមសេះ១ក្បាល មានគ្រាប់ពងប្រហែលមួយលានគ្រាប់ បើយើងលែងចូលសមុទ្រវិញ វានឹងផ្តល់ក្តាមជំទង់មកវិញប្រហែល១០០០ក្បាល ចុះបើយើងលែង១០,០០០ក្បាល នោះនឹងផ្តល់ក្តាមជំទង់មកវិញចំនួន១០,០០០,០០០ក្បាល។

បន្ថែមពីនេះ សហគមន៍នេសាទប្រជុំកោះរ៉ុង-កោះរ៉ុងសន្លឹម បានអំពាវនាវឱ្យរួមគ្នាថែរក្សាធនធានជលផលសមុទ្ររបស់យើង ដើម្បីនិរន្តរភាពនៃការប្រើប្រាស់ និងលំនឹងធម្មជាតិ។

សូមជម្រាបថា កាលពីថ្មីៗនេះមន្រ្តីជំនាញ បានជូនដំណឹង ការទប់ស្កាត់ការធ្វើអាជីវកម្មក្តាមសេះ និងក្តាមខ្លាដែលមានគ្រាប់ពងនៅខាងក្រៅ ដើម្បីរក្សាបានធនធានជលផលសមុទ្រ ជាពិសេសប្រភេទក្តាមសេះ និងក្តាមខ្លាឱ្យសម្បរក្នុងដែនទឹកធម្មជាតិឡើងវិញ និងសំដៅលើកកម្ពស់ជីវភាពប្រជានេសាទដែលពឹងផ្អែកលើការនេសាទក្ដាមនៅតាមតំបន់ឆ្នេរ រដ្ឋបាលជលផល។

ក្នុងករណីដែលបងប្អូននេសាទបានដោយចៃដន្យ សូមមេត្តាយកមេក្ដាមសេះ ឬក្តាមខ្លាដែលមានគ្រាប់ពងនៅខាងក្រៅទាំងនេះទៅដាក់លែងចូលក្នុងបែរក្ដាមដែលបានបង្កើតចំនួន ២៩កន្លែង នៅខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង ដើម្បីឱ្យក្តាមមេទាំងនោះជម្រុះគ្រាប់ពងចេញអស់សិនទើបធ្វើការលក់-ដូរ ជាក្រោយ។

តាមការស្រាវជ្រាវរបស់រដ្ឋបាលជលផលបានរកឃើញថា ក្តាមមេមួយអាចមានគ្រាប់ពងរហូតដល់ជាង១,៤លានគ្រាប់។ ដូច្នេះប្រសិនបើបងប្អូនរក្សាទុកក្តាមទាំងនេះមួយរយៈពេលខ្លីនៅក្នុងបែរក្ដាមរហូតដល់មេក្ដាមទាំងនោះជម្រុះកូនអស់នោះ មានន័យថាបងប្អូនបានជួយការពារធនធានជលផលរបស់យើងដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតដែលជាប្រយោជន៍សម្រាប់ការនេសាទប្រកបដោយនិរន្តរភាព និងសម្រាប់កូនចៅជំនាន់ក្រោយ។

រដ្ឋបាលជលផលមានសេចក្តីសង្ឃឹមយ៉ាងមុតមាំចំពោះស្មារតីចូលរួមទទួលខុសត្រូវរបស់បងប្អូនអ្នកនេសាទទាំងអស់ក្នុងការរួមចំណែកថែរក្សា និងគាំទ្រដល់ការគ្រប់គ្រងធនធានជលផលដ៏មានតម្លៃរបស់ជាតិយើង ពិសេសធនធានក្តាមក្នុងសហគមន៍បងប្អូនផ្ទាល់ឲ្យសម្បូរឡើងវិញ និងគង់វង្សជានិរន្តរ៍៕