(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស TWG ដើម្បីពិភាក្សាអំពីរបាយការណ៍ត្រួតពិនិត្យវឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំឆមាសទី១ ឆ្នាំ២០២១។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធ Video Conference ដោយផ្តោតលើការតាមដាន និងត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក២ និងវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ប្រចាំឆមាសទី១ ឆ្នាំ២០២១។

ផ្អែកលើលទ្ធផលនៃការតាមដាន និងត្រួតពិនិត្យនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំឆមាសទី១ ឆ្នាំ២០២១ នេះ បានបង្ហាញថា៖

* «ការបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា» រក្សាបានក្នុងស្ថានភាពល្អ និងអាចទុកចិត្តបាន ដែលការអនុវត្តចំណូលស្ថិតក្នុងរង្វង់ +/-៥% ធៀបនឹងច្បាប់ តាមរយៈការបន្តពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអនុវត្តផែនការប្រមូលចំណូល ជាពិសេសការខិតខំអនុវត្តផែនការសកម្មភាព ដូចមានចែងក្នុងយុទ្ធសាស្ត្រកៀរគរចំណូល។ រីឯ ការអនុវត្តចំណាយ ទោះបីយឺតជាងផែនការបន្តិចក្ដី តែស្ថិតក្នុងស្ថានភាពដែលអាចសម្រេចបានតាមគោលដៅក្នុងឆ្នាំ។

ទន្ទឹមនេះ ដំណើរការនៃការអនុវត្តថវិកាចាប់ផ្ដើមកែលម្អតាមរយៈ ការសិក្សា និងដាក់ចេញផែនការសកម្មភាពសម្រាប់ដោះស្រាយចំណាយកកស្ទះ, ការពង្រីកការទូទាត់ចំណាយថវិកាជាតិតាមប្រព័ន្ធ E-Transfer, ការរៀបចំគោលការណ៍ណែនាំហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួង ស្ថាប័ន និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈជាដើម។

* «ការបន្តពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ» ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈ (FMIS) ត្រូវបានពង្រឹង និងពង្រីកការអនុវត្តតាមរយៈការបន្តដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តការងារថ្មីតាមក្រសួង ស្ថាប័ន, ការដាក់ឱ្យអនុវត្តសាកល្បងមុខងារបន្ថែមថ្មីចំនួន២ ក្នុងប្រព័ន្ធ FMIS ជាពិសេសប្រកាសពង្រីកការអនុវត្តគម្រោង FMIS ដល់រដ្ឋបាលរាជធានី ខេត្តទាំង ២៥ និងការដាក់ដំណើរការសន្ធានកម្មរវាងប្រព័ន្ធ FMIS និងប្រព័ន្ធបៀវត្សមន្ត្រីរាជការស៊ីវិលរបស់ក្រសួងមុខងារសាធារណៈ។ បន្ថែមលើនេះ កម្រិតអនុលោមភាពនៃរបាយការណ៍ IPSAS Cash Basis ត្រូវបានកែលម្អ។ ទន្ទឹមនេះ លិខិតបទដ្ឋានសម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងបណ្ណកម្មសិទ្ធិទ្រព្យសម្បត្តិរដ្ឋត្រូវបានរៀបចំជាបន្តបន្ទាប់។

* «ការពង្រឹងប្រសិទ្ធភាពនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» ក្របខណ្ឌថវិការយៈពេលមធ្យម ឆ្នាំ២០២២ ដោយមានពិតានតាមវិស័យ និងតាម ក្រសួង ស្ថាប័ន និងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោល-នយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២២ ត្រូវបានរៀបចំ ជាមូលដ្ឋានការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ រីឯ ក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៣-២០២៥ គ្រោងនឹងដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅឆ្នាំ២០២២ ដែលឯកសារទាំងអស់នេះនឹងបង្កលក្ខណៈងាយស្រួលដល់ក្រសួង ស្ថាប័នក្នុងការរៀបចំថវិកា ដោយមានការកំណត់តាមក្រសួង ស្ថាប័ន តាមវិស័យ, ការធ្វើ សមាហរណកម្មថវិកាចរន្ត និងវិនិយោគ។ ជាមួយគ្នានេះ ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ត្រូវបាននឹងកំពុង កែលម្អតាមរយៈការរៀបចំយន្តការ និងលិខិតគតិយុត្តនានាដូចមានចែងក្នុងផែនការសកម្មភាព នៅក្នុងផែនការយុទ្ធសាស្ត្រស្ដីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ។

* «ការបញ្ចប់ការត្រៀមខ្លួនឆ្ពោះទៅគណនេយ្យភាពសមិទ្ធកម្ម» សម្រាប់ការបញ្ចប់ការត្រៀមខ្លួនឆ្ពោះទៅគណនេយ្យភាពសមិទ្ធកម្ម, ការរៀបចំ និងដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្តសម្រាប់ការអនុវត្តប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្មជាការចាំបាច់ដែលត្រូវបញ្ចប់សម្រាប់ដាក់ឱ្យអនុវត្តនៅឆ្នាំ២០២២ ក្នុងនោះរួមមាន៖ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី), អនុក្រឹត្យលេខ៨១ និង៨២ និងក្របខណ្ឌថវិកាព័ត៌មានសមិទ្ធកម្ម។ ទន្ទឹមនេះ ប្រព័ន្ធតាមដាន និងត្រួតពិនិត្យសមិទ្ធកម្មត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តជាបន្តបន្ទាប់។

* «ការគាំទ្រកម្មវិធីកែទម្រង់ប្រកបដោយចីរភាព និងភាពប្រទាក់ក្រឡាគ្នានៃការកែទម្រង់ផ្សេងទៀត» ស្ថិតក្នុងបរិការណ៍កូវីត-១៩ ការអនុវត្តការបណ្ដុះបណ្ដាល និងសិក្ខាសាលាផ្សព្វផ្សាយ អាចអនុវត្តបានដោយផ្នែក ដោយត្រូវធ្វើតាមប្រព័ន្ធអនឡាញ រីឯវគ្គបណ្ដុះបណ្ដាលដែលតម្រូវឱ្យចុះអនុវត្តផ្ទាល់ត្រូវបានពន្យារពេល ប៉ុន្តែមិនរងផលប៉ះពាល់ដល់ចលនការនៃការកែទម្រង់ឡើយ។ ជាមួយគ្នានេះ, ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាពត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តសាកល្បងដែលគ្រោងពង្រីកដល់ក្រសួង ស្ថាប័ននៅឆ្នាំ២០២២។ គោលការណ៍ណែនាំការគ្រប់គ្រងផ្អែកលើលទ្ធផលដែលគ្រោងនឹងបញ្ចប់នៅត្រីមាសទី៣ នឹងចូលរួមក្នុងការរៀបចំផែនការសកម្មភាព និងសូចនករសមិទ្ធកម្មគន្លឹះ ឱ្យកាន់តែមានភាពច្បាស់លាស់។

ផ្អែកលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក ២ ប្រចាំឆមាសទី១ ឆ្នាំ២០២១នេះ, ដៃគូអភិវឌ្ឍន៍បានអបអរសាទរដល់រាជរដ្ឋាភិបាលដែលសម្រេចបានសមិទ្ធផល ល្អប្រសើរក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទោះបីកំពុងស្ថិតក្នុងវិបត្តិកូវីត-១៩ក៏ដោយ ។ ជាមួយគ្នានេះ ដៃគូអភិវឌ្ឍន៍បានរួមគ្នាផ្តល់នូវមតិយោបល់ និងសំណើមួយចំនួនសម្រាប់ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងឆ្លើយតបទៅស្ថានភាពសេដ្ឋកិច្ចក្នុងបរិការណ៍នៃជំងឺកូវីត-១៩។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំសមាជិកគណៈកម្មា-ធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញសាធារណៈនៅតាមអង្គភាពនៃ កសហវ. និងក្រសួង ស្ថាប័ន ឱ្យបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តកិច្ចការកែទម្រង់ និងបានស្វាគមន៍ វាយតម្លៃខ្ពស់ចំពោះតំណាងដៃគូអភិវឌ្ឍន៍ដែលជានិច្ចកាលផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ រួមទាំងផ្តល់ជំនួយការបច្ចេកទេស និងធនធានហិរញ្ញវត្ថុ។

រាជរដ្ឋាភិបាលបានធ្វើវិចារណកម្មថវិកា ដោយផ្តោតអាទិភាពលើការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីត-១៩ ការទប់ទល់ផលប៉ះពាល់អវិជ្ជមាន និងការស្ដារសេដ្ឋកិច្ចជាតិ។ ការធ្វើវិចារណកម្មថវិកា និងពង្រឹងប្រសិទ្ធភាពចំណាយនេះ ពោលគឺត្រូវបានធ្វើឡើងលើមុខសញ្ញាចំណាយមួយចំនួនដែលមិនចាំបាច់, មិនទាន់ចាំបាច់ និងមិនសូវប៉ះពាល់សកម្មភាពការងារ ដើម្បីយកទៅបំពេញមុខចំណាយចំបាច់ថ្មីៗ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើគ្រប់អង្គភាពក្រោមឱវាទក្រសួង និងក្រសួង-ស្ថាប័ន បន្តអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី៣ បូក ២ នៅត្រីមាសបន្ទាប់ ក្នុងឆ្នាំ២០២១ ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក និងជូនពរគ្រប់ថ្នាក់ដឹកនាំ និងមន្រី្តរាជការ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ជួបប្រទះពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខា ពល្លៈ កុំបីឃ្លៀងឃ្លាតឡើយ៕