(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានផ្ដល់កិច្ចសម្ភាសពិសេស តាមប្រព័ន្ធអនឡាញ ជូនទូរទស្សន៍ Fresh News ស្ដីអំពី «ការងាររបស់យុវជនកាកបាទក្រហមកម្ពុជា ក្នុងអំឡុងការរីករាលដាលជំងឺកូវីដ១៩»។

ក្នុងកិច្ចសម្ភាសនេះលោកស្រី ម៉ែន នារីសោភ័គ បានធ្វើឡើងបន្ទាប់ពីក្រុមយុវជនកាកបាទក្រហមកម្ពុជា បញ្ចប់បេសសកម្មការងារដោយជោគជ័យ ក្នុងការចុះអប់រំផ្សព្វផ្សាយពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗទៀត រួមទាំងច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមខ្នងផ្ទះ។ ជាពិសេសការរៀបចំវេចខ្ចប់ ដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងចុះផ្ដល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៥,៥៦២គ្រួសារ នៅក្នុងតំបន់ក្រហម មានហានិភ័យខ្ពស់នៃការរីករាលដាលជំងឺកូវីដ-១៩ នៅតាមភូមិចំនួន២៣ នៃ៧សង្កាត់ ក្នុងក្រុងសៀមរាប កាលពីចុងខែកញ្ញានេះ។

ដើម្បីជ្រាបច្បាស់ ពីកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ពីការបានដឹកនាំ និងអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ដោយមានតម្លាភាព និងប្រសិទ្ធភាព ក្នុងអំឡុងការរាលត្បាតជំងឺកូវីដ១៩ និងគ្រោះមហន្ដរាយផ្សេងៗ សូមអញ្ជើញទស្សនាកិច្ចសម្ភាសនេះដូចតទៅ៖