(ភ្នំពេញ)៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានព្រមានអនុវត្តវិធានការរដ្ឋបាលលើម្ចាស់ការដ្ឋានខ្សាច់ និងរថយន្តដឹកខ្សាច់ ដែលបង្កឱ្យខ្សាច់ហូរហៀរលើដងផ្លូវ។ បន្ថែមពីនេះគ្រប់រថយន្តដឹកខ្សាច់ និងដឹកដី គ្រប់ប្រភេទត្រូវគ្រប់តង់ លាងកង់រថយន្តឱ្យបានត្រឹមត្រូវមុននឹងចេញពីការដ្ឋាន ប្រសិនបើមិនអនុវត្ត តាមការណែនាំរបស់អាជ្ញាធរនោះទេ អាជ្ញាធរនឹងអនុវត្តតាមវិធានការរដ្ឋបាល។

ការព្រមានចាត់វិធានការរដ្ឋបាលបែបនេះរបស់លោក ឌី រ័ត្នខេមរុណ បានធ្វើឡើងនៅក្នុងឱកាសលោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបាញ់លាង សំអាតផ្លូវ តាមមហាវិថីសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ចាប់ពីចំណុចស្ពានថ្ម ព្រំប្រទល់ខណ្ឌដង្កោ និងខណ្ឌមានជ័យ រហូតដល់ច្រមុះជ្រូកក្បាលថ្នល់ និងមហាវិថីលោកឧកញ៉ា មហាភក្តី ហ៊ុន នាង (៣០ម៉ែត្រ) និងកំណាត់ផ្លូវជាតិលេខ២ ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។

នាឱកាសនោះដែរ លោកអភិបាលរងខណ្ឌ បានលើកឡើងថា ដោយមានការបញ្ជាផ្ទាល់ពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នៅវេលាម៉ោង ០៨៖៣០នាទីព្រឹក លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ចុះបាញ់លាង សំអាតផ្លូវ តាមមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) ចាប់ពីចំណុចស្ពានថ្ម ព្រំប្រទល់ខណ្ឌដង្កោ និង ខណ្ឌមានជ័យ រហូតដល់ច្រមុះជ្រូក ក្បាលថ្នល់ ដោយប្រើប្រាស់រថយន្ត បាញ់ទឹក របស់រដ្ឋបាលខណ្ឌមានជ័យ ចំនួន០២គ្រឿង រថយន្តបោសសំអាតថ្នល់ ០១គ្រឿង ព្រមទាំងមានការចូលរួមសហការពីរថយន្តបាញ់ទឹក របស់សាលារាជធានីភ្នំពេញចំនួន៦គ្រឿង។

ក្នុងការចុះបាញ់លាងសំអាតផ្លូវនេះដែរ លោក ឌី រ័ត្នខេមរុណ បានបែងចែកជា ០៣ក្រុម ដើម្បីចុះបាញ់លាងសំអាតផ្លូវមានដូចជា៖

*ទី១៖ មហាវិថីសម្តេចតេជោ (៦០ម៉ែត្រ)
*ទី២៖ មហាវិថីលោកឧកញ៉ា មហាភក្តី ហ៊ុន នាង (៣០ម៉ែត្រ)
*ទី៣៖ ផ្លូវជាតិលេខ២។

ជាមួយគ្នានេះ អភិបាលរងខណ្ឌមានជ័យ បានសំណូមពរឱ្យរថយន្ត ដែលកំពុងចរាចរលើមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) មហាវិថី លោកឧកញ៉ាមហាភក្តី ហ៊ុន នាង (៣០ម៉ែត្រ) និងផ្លូវជាតិលេខ២ សូមចូលរួមអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវពេលធ្វើដំណើរលើផ្លូវសាធារណៈចៀសវាងកើតបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដោយប្រការណាមួយមកលើប្រជាពលរដ្ឋ ម្យ៉ាងវិញទៀតអាចប៉ះពាល់ដល់សោភ័ណភាពទីក្រុងថែមទៀតផង៕