(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានណែនាំឱ្យ អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ក្នុងការចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងដោះស្រាយទុក្ខកង្វល់ជូនដល់មូលដ្ឋាន និងត្រូវពិនិត្យមើលឯកសារពាក់ព័ន្ធត្រៀមទុកជាមុន ព្រោះថាថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងខិតជិតមកដល់ពេលខាងមុខនេះ។

ការអំពាវនាវបែបនេះរបស់លោក វង សូត បានធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ន នៅក្នុងឱកាសលោកអញ្ជើញប្រគល់អំណោយជូនរដ្ឋបាលស្រុកពញាក្រែក ជាគ្រឿងឧបភោគបរិភោគ និងរថយន្ដ ព្រមទាំងបើកកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារកន្លងមក និងលើកទិសដៅការងារបន្តត្រៀមលក្ខណៈបោះឆ្នោតក្រុមប្រឹក្សាឃុំ និងផ្សព្វផ្សាយឯកសារ គោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ឆ្នាំ២០២២-២០២៧ នៅស្នាក់ការគណបក្សស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ឆ្លៀតឱកាសនោះដែរ លោកបានបញ្ជាក់បន្ថែមថា អាជ្ញាធរមូលដ្ឋានត្រូវខិតខំប្រឹងប្រែង បន្តធ្វើកិច្ចការងារប្រយុទ្ធប្រឆាំងទៅនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងយកចិត្តទុកដាក់ខ្ពស់សួសុខទុក្ខ ពីក្រុមមន្ត្រីបុគ្គិលពេទ្យជួរមុខ ហើយជាពិសេសនោះត្រូវផ្សព្វផ្សាយបន្តអនុវត្តន៍វិធានសុខាភិបាលត្រូវមានគម្លាតពីគ្នាគ្រប់ពេល និងកុំភ្លេចធ្វើអនាម័យជាប្រចាំនាំមកនូវសុខភាពមាំមួន ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ ដ៏កាចសាហាវនេះ និងជួយលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ១៩ កំពុងសម្រាក់ពិនិត្យព្យាបាលនៅមន្ទីរ និងគ្រួសារជាប់ចត្តាឡីស័កតាមខ្នងផ្ទះ តំបន់បិទខ្ទប់ជាដើម។

មិនត្រឹមតែប៉ុណ្ណោះលោក វង សូត បានលើកទឹកចិត្តដល់អាជ្ញាធរតាមឃុំទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះគ្រួសា ប្រជាពលរដ្ឋធ្វើចំណាកស្រុក ពលករវិលត្រឡប់មកស្រុកកំណើតវិញ និងគ្រួសារដែលទទួលរងគ្រោះថ្នាក់ផ្សេងៗ ទាំងបញ្ហាសុខមាលភាព និងជួយសម្រួលកាត់បន្ថយភាពក្រីក្ររបស់គ្រួសារនីមួយៗតាមភូមិ-ឃុំ។

លោកបានផ្តោតសំខាន់ឱ្យប្រធានគណបក្សប្រជាជនកម្ពុជា តាមឃុំសង្កាត់នីមួយៗ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ត្រៀមរៀបចំបេក្ខជនរបស់ខ្លួន ក្នុងការឈរឈ្មោះសម្រាប់ ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ខាងមុខនេះ និងត្រូវពិនិត្យមើលឈ្មោះសមាជិកសមាជិការបស់គណបក្សតាមភូមិឃុំ ឱ្យមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយប្រសិនពួកគាត់ពុំមានឯកសារគ្រប់គ្រាន់ ត្រូវជួយផ្សព្វផ្សាយណែនាំសហការជាមួយអាជ្ញាធរមូលដ្ឋាន។

ក្នុងកិច្ចប្រជុំនេះលោក វង សូត និងលោកស្រី ក៏បានជួយឧបត្ថម្ភសម្ភារសម្រាប់ការងារផ្សព្វផ្សាយបោះឆ្នោត រួមមាន៖ អាវ មួក កាបូបគណបក្សប្រជាជនកម្ពុជា ម៉ាស់៥ម៉ឺនម៉ាស ទឹកអាល់កុល២០កាន និងរថយន្តចំនួន២គ្រឿង ក្នុងនោះមួយគ្រឿង សម្រាប់ការងារស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងមួយគ្រឿងទៀតជូនដល់ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

លោកប្រធានក្រុមការងារ ក៏បានផ្តល់គ្រឿងឧបភោគបរិភោគដល់ស្រុកពញាក្រែករួមមាន៖ អង្ករ៥តោន មីជាតិ២០០កេស ត្រីខ ២០កេស ក្រម៉ា៥០០ម៉ាស់ ទឹកអាល់កុល និងថវិកា១០លាន ដើម្បីជួយផ្គត់ផ្គង់ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលសម្រាក់ព្យាបាលជំងឺតាមមន្ទីរពេទ្យ ប្រជាពលរដ្ឋធ្វើចត្តាឡីស័ក តាមតំបន់បិទខ្ទប់ផងដែរ៕