(កំពង់ធំ)៖ លោកយាយអាយុ១០០ឆ្នាំឡើង ម្នាក់បន្ថែមទៀត នៅស្រុកសន្ទុក ខេត្តកំពង់ធំ ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ទាប់ពីរូបគាត់បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នាំយកទៅប្រគល់ជូនដល់ខ្នងផ្ទះនៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកយាយ ដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ឈ្មោះ ហោ ហ៊ូ អាយុ១០០ឆ្នាំ រស់នៅភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកយាយ ហោ ហ៊ូ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាព ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ និងមូលហេតុអ្វីដែលជំរុញឲ្យរូបគាត់ ទៅទទួលយកនូវការចាក់វ៉ាក់សាំង។

លោកយាយដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។

សូមជម្រាបថា ការយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជូនលោកតា និងលោកយាយ នាឱកាសនេះ ធ្វើឡើងបន្ទាប់ពីលោកស្រី ឱ វណ្ឌឌីន បានបញ្ចប់ពីពិធីប្រគល់អំណោយជូនលោកតា លោកយាយអាយុ១០០ឆ្នាំឡើង នៅខេត្តរតនគិរី, ខេត្តស្ទឹងត្រែង, ខេត្តព្រះវិហារ, ខេត្តកំពង់ចាម និងខេត្តតាកែវកាលពីដើមសប្ដាហ៍នេះ៕