(ភ្នំពេញ)៖ កម្ពុជាមានផ្ទៃដីព្រៃឈើប្រមាណ ៨.៥១០.៨០៧ហិកតា ស្មើនឹង៤៦,៨៦% ធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស គិតត្រឹមឆ្នាំ២០១៨។ របាយការណ៍ស្ថានភាពបរិស្ថាន លើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨ ដែលផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យថា កម្ពុជាបានធ្វើការវាយតម្លៃធនធានគម្របដីព្រៃឈើថ្នាក់ជាតិបានចំនួន៨ដង ចាប់តាំងពីមុនឆ្នាំ១៩៧៣ រហូតដល់ឆ្នាំ២០១៨ និងបានកំពុងបន្តធ្វើការវាយតម្លៃធនធានគម្របព្រៃឈើ ក្នុងឆ្នាំ២០២០ និងបានធ្វើការវាយតម្លៃ ការប្រែប្រួលធនធានដីគម្របព្រៃឈើនៃប្រព័ន្ធតំបន់ការពារធម្មជាតិ ឆ្នាំ២០០៦-២០១៦ ប្រើប្រាស់បច្ចេកវិទ្យា ប្រព័ន្ធព័ត៌មាន ភូមិសាស្ត្រ និងរូបភាពផ្កាយរណប (GIS / Remote Sensing) ជាលទ្ធផលក្នុងការវាយតម្លៃធនធានគម្របដីព្រៃឈើតាមបណ្តាឆ្នាំនីមួយៗ។

បើយោងតាមរបាយការណ៍ដែលបានផ្សព្វផ្សាយនៅថ្ងៃទីនេះ បានបង្ហាញយ៉ាងដូច្នេះថា៖ «តាមការវាយតម្លៃធនធានគម្របដីព្រៃឈើឆ្នាំ២០១៨ ជាលទ្ធផលបង្ហាញថាផ្ទៃដីព្រៃឈើ មានប្រមាណ៨,៥១០,៨០៧ហិកតា ស្មើនឹង ៤៦,៨៦% ធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស (លទ្ធផលនៃការវាយតម្លៃនេះរួមបញ្ចូលទាំងផ្ទៃដី ចម្ការកៅស៊ូ ចម្ការដូងប្រេង និងដំណាំហូបផ្លែដទៃទៀត)»។

បន្ថែមពីនេះ ក្រសួងបរិស្ថានបានបង្កើតក្រុមការងារផលិតផែនទីការប្រើប្រាស់ដីព្រៃឈើ និងគម្របព្រៃឈើទូទាំងប្រទេសដោយមានកិច្ចសហប្រតិបត្តិការជាមួយអ្នកជំនាញការជាតិពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងអភិវឌ្ឍន៍ជនជនក្រសួងធនធានទឹក និងឧត្តុនិយម ព្រមទាំងមានការគាំទ្របច្ចេកទេសពីអ្នកជំនាញការអន្តរជាតិ ដែលរួមមានកម្មវិធីអភិវឌ្ឍន៍នៃសហប្រជាជាតិ (UNDP), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA JAPAN), អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO), វិទ្យាស្ថានស្រាវជ្រាវព្រៃឈើ និងផលិតផលព្រៃឈើជប៉ុន (FFPRI) និងសាកលវិទ្យាល័យអន្តរជាតិនានា។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា ការប្រកាសឱ្យប្រើប្រាស់ និងផ្សព្វផ្សាយេរបាយការណ៍ស្តីពីស្ថានភាពបរិស្ថានជាតិលើកទី៤ និងលទ្ធផល នៃការសិក្សាវាយតម្លៃធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨នេះ ជាសមិទ្ធផលថ្មី២បន្ថែមទៀត ដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងវិស័យបរិស្ថាននិងធនធានធម្មជាតិ។

ទិន្នន័យនេះ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការរៀបចំផែនការដាំស្តារព្រៃឡើងវិញ រៀបចំដីបម្រុងទុកអចិន្រ្តៃយ៍ ដើម្បីធ្វើផែនការអភិវឌ្ឍឃុំ/សង្កាត់ ចូលរួមចំណែកគោលនយោបាយកាត់ឆ្វៀលដី និងសម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រដែលកំពុងអាស្រ័យផលនៅលើដីព្រៃ។

បើតាមលោក ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានថ្លែងថា របាយការណ៍ ស្តីពីស្ថានភាពបរិស្ថានជាតិលើកទី៤ និងលទ្ធផលការសិក្សាវាយតម្លៃធនធានគម្របព្រៃឈើកម្ពុជាឆ្នាំ២០១៨ ដែលចេញផ្សាយ និងដាក់ឱ្យដំណើរការនៅថ្ងៃនេះ បានបោះពុម្ពផ្សាយជាភាសារខ្មែរ និងអង់គ្លេសផងដែរ៕