(ស្វាយរៀង)៖ ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ១៩ខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ-កម្មការិនី ដែលធ្លាប់ទៅផ្សារវាលយន្ត នៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង សូមទៅធ្វើតេស្តរកកូវីដ១៩ ដោយសារមានអ្នកលក់អង្ករ ជាងមាស និងអ្នកលក់គ្រឿងក្រអូបចំនួន៣នាក់ រកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី Delta កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

រដ្ឋបាលខេត្ត សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នឹងស្ម័គ្រចិត្តទៅយកវត្ថុវិភាគសំណាកនៅតាមទីតាំងយកសំណាកនៅជិតផ្ទះ។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕