(កោះកុង)៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ អាជ្ញាធរក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចុះរៀបចំសណ្តាប់ធ្នាប់ និងចាត់វិធានការក្តៅចំពោះការលក់ដូរលើចំណីផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យជុំវិញបរិវេនផ្សារដងទង់ ក្រោយពួកគាត់មិនព្រមចូលលក់ដូរក្នុងផ្សារ។

លោក ឈឹម ចិន អភិបាលរងក្រុង បានឲ្យដឹងថា អាជ្ញាធរធ្លាប់បានជូនសេចក្តីដំណឹងទៅកាន់កាន់បងប្អូនអាជីវករលក់ដូរផ្នែកខាងក្រៅជាច្រើនដងរួចមកហើយ ប៉ុន្តែពួកគាត់មិនស្តាប់ ហើយនៅតែផ្គើន មិនព្រមចូលលក់ដូរក្នុងផ្សារវិញ ដែលមានតូបបម្រុងទុកឲ្យគាត់លក់គ្រប់គ្រាន់ហើយមានទីតាំង១កន្លែងទៀត គឺផ្សារកោះកុងថ្មី នៅមិនឆ្ងាយពីគ្នាប៉ុន្មានទេ សម្រាប់ទុកជូនគាត់ចូលលក់។

លោកអភិបាលរងក្រុងបានបន្តថា ក្រោយពីមានមានចំណាត់ការក្តៅពីអាជ្ញាធរ អាជីវករមួយចំនួនតូចនេះបានយល់ព្រមចូលលក់ដូរនៅក្នុងផ្សារ ដែលមានតូបបម្រុងទុកឲ្យគាត់វិញ តាមការណែនាំរបស់អាជ្ញាធរ ហើយសន្យាថា មិនចេញលក់លើផ្លូវសាធារណៈទៀតទេ នាំឲ្យខូចសណ្តាប់ធ្នាប់ និងបរិស្ថានផ្សារ។

លោកបានព្រមានថា «បើសិនអាជីវករណាម្នាក់ មិនព្រមស្តាប់តាមការណែនាំ អាជ្ញាធរនឹងដកហូតតូបទុកជាសម្បត្តិរដ្ឋ និងធ្វើការពិន័យតាមផ្លូវច្បាប់»