(ព្រះវិហារ)៖ លោក សុខ សាន្ដតារ៉ា អភិបាលស្រុកឆែប ខេត្តព្រះវិហារ បានណែនាំដល់ក្រុមការងារបិទខ្ទប់ភូមិប្រើសក្អក និងប្រជាពលរដ្ឋរស់នៅភូមិប្រើសក្អក ឃុំម្លូរព្រៃពី ត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព តាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលបានសម្រេចបិទខ្ទប់ភូមិប្រើសក្អក រយៈពេល២សប្តាហ៍ ដើម្បីទប់ស្កាត់កាតឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ថ្លែងក្នុងឱកាសចុះជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយក្រុមការងារបិទខ្ទប់ភូមិប្រើសក្អក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សុខ សាន្តតារ៉ា បានថ្លែងពាំនាំនូវការផ្ដាំសួរសុខទុក្ខពីលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ និង ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំង មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហាររបស់យើង។

លោកក៏បានណែនាំឱ្យក្រុមការងារខិតខំយកចិត្តទុកដាក់ គ្រប់គ្រងតំបន់បិទខ្ទប់ និងណែនាំប្រជាពលរដ្ឋត្រូវធ្វើការអត់ធ្មត់ចូលរួមវអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តឱ្យបានម៉ឺងម៉ាត់បំផុត។

លោក សុខ សាន្តតារ៉ា ក៏បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ «៣កុំ និង៣ការពារ» និងរក្សានូវអនាម័យខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត និងរាជរដ្ឋាភិបាល។

លោកក៏បានឧបត្ថម្ភសម្ភារ ថវិកា និងគ្រឿងឧបភោគ បរិភោគ រួមមាន អង្ករ២០០គីឡូក្រាម មី០៨កេស ត្រីខ០៨យួរ ទឹកស៊ីអ៊ីវ០៨យួរ ទឹកសុទ្ធ៤០យួរ និងថវិកា៦០ម៉ឺនរៀល។ ដោយឡែកក្រុមការងារខេត្ត ចុះជួយឃុំម្លូព្រៃពីរ បានឧបត្ថម្ភ មី១០កេស អាកុល៣០លីត្រ និងម៉ាស់ចំនួន១០ប្រអប់។

លោក សុខ សាន្ដតារ៉ា ក៏បានឧបត្ថម្ភប៉ុស្តិ៍សុខភាពប្រើសក្អក ១លានរៀល សម្រាប់ដាក់លូរំដោះទឹកនៅមុខប៉ុស្តិ៍ដើម្បីសំរួលដល់ប្រជាជនមកទទួលសេវាមានភាពងាយស្រួល និងប្រកបដោយផាសុខភាព។

សូមបញ្ជាក់ថាភូមិប្រើសក្អក ស្ថិតក្នុងឃុំម្លូរព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានរដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្តីសម្រេចធ្វើការបិទខ្ទប់បណ្តោះអាសន្ន និងកំណត់ជា «តំបន់ក្រហម» ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចំនួន២សប្តាហ៍ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១៕