(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំសមាជិកក្រុមប្រឹក្សាខេត្តលោក-លោកស្រីអភិបាលរងខេត្ត មន្រី្តរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋ ចូលរួមក្នុងពិធីរាប់បាត្រ ឆ្លងវេនបិណ្ឌទី១ នៅវត្តប្រជុំនទី ក្រពើហាស្ថិតនៅ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាលនៅថ្ងៃទី២២ ខែកញ្ញានេះ ។

អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ ត្រូវប្រកាន់ទំនៀមទំលាប់ប្រពៃណីខ្មែរ គឺមនុស្សគ្រប់រូបត្រូវតាំងចិត្តបំពេញសេចក្ដីល្អ នឹងមានភាពកត្តញ្ញូ ដឹងគុណនឹកឃើញដល់ឪពុកម្ដាយ សាច់ញ្ញាត្តិ និងសាច់សារលោហិត ៧សន្ដានដែលធា្លប់មានគុណលើខ្លួន ទាំងអ្នកលាចាកលោកទៅហើយ និងអ្នកដែលនៅរស់។ ពិធីបុណ្យកាន់បិណ្ឌ នៃបុណ្យភ្ជុំបិណ្ឌ គឺជាឪកាសឱ្យសាច់ញាតិទាំងឡាយដែលនៅផ្សេងៗគ្នា មកជួបជុំគ្នា បង្កើនឱ្យមានសាមគ្គីភាពគ្នា និងបណ្ដុះស្មារតីឱ្យមនុស្សលះបង់សេចក្ដីអាក្រក់គ្រប់យ៉ាង។

ទោះជាយ៉ាងនេះក្ដី លោកអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ សូមចូលរួមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី រួមមាន «៣ការពារ និង៣កុំ» សំដៅទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ពិសេសក្នុងពិធីបុណ្យកាន់បិណ្ឌនេះឱ្យបានគ្រប់ៗគ្នា។

ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះចៅអធិការវត្តប្រជុំនទី(ក្រពើហា) បានមានសង្ឃដីកាថា វត្តបានរៀបចំតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ ការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ព្រះចៅអធិការវត្តប្រជុំនទី (ក្រពើហា) ក៏បានអំពាវនាវដល់ពុទ្ធបរិស័ទទាំងអស់ ដែលអញ្ជើញមកកាន់បិណ្ឌនៅតាមទីវត្តអារាមនានា ត្រូវការពារខ្លួនឱ្យបានច្រើន ដោយត្រូវមានអាកុល ពាក់ម៉ាស និងការប្រគេនដល់ព្រះសង្ឃ មិនត្រូវឱ្យកៀកជិតពេកនោះទេ ឱ្យតែញាតិញោមមានសទ្ធាជ្រះថ្លា យកចង្ហាន់មកប្រគេនដល់ព្រះសង្ឃ មិនចាំបាច់កៀកឬស្និទ្ធស្នាលនោះទេក៏ទទួលបាននូវបុណ្យកុសលដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២១នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញាដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១។

ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះគឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរយើងជាយូរមកហើយ។

គួរជម្រាបថា លោកអភិបាលខេត្ត មន្រី្តរាជការខេត្តកណ្ដាល និងពុទ្ធបរិស័ទ បានប្រគេនទេយ្យវត្ថុ សំភារៈបរិក្ខា រួមមានអង្ករ១តោន ទឹកសុទ្ធ២០កេះ ទឹកក្រូច២០កេស ត្រីខ ៣០យួរ ទឹកស៊ីអីវ ទឹកត្រី ២០យួរ ម៉ាស ១កេសធំ និងបច្ច័យ១៦លាន ៩២ម៉ឺនរៀល ដែលកើតឡើងដោយសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ត្តិចំណុះជើងវត្ត ក្នុងវេនទី១ និងមន្ត្រីរាជការក្នុងខេត្តកណ្តាល៕