(ភ្នំពេញ)៖ គណៈមេធាវី ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសមេធាវី ផាន់ ច័ន្ទស័ក្កិ ដោយសារបំពានក្រមសីលធម៌មេធាវី និងការឃោសនាបោះឆ្នោត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងសេចក្តីថ្លែងការដដែលនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសថ្កោលទោសចំពោះអំពើរបស់លោកមេធាវី ផាន់ ច័ន្ទស័ក្កិ អត្តលេខ២៥៣ ដែលបានបង្ហោះសារជាសាធារណៈក្នុងក្រុម តេឡេក្រាមឈ្មោះ "CLO-មតិមេធាវីកម្ពុជា" កាលពីថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០២១ ដែលមានខ្លឹមសារថា «លក់សំលេងឆ្នោត បោះឆ្នោតជូន ០១សំលេងតម្លៃ១០០០$ ក្នុងពេលបេក្ខជនឈរឈ្មោះបោះឆ្នោតកំពុងឃោសនាបោះឆ្នោត»

គណៈមេធាវីបានអះអាងថា អំពើនេះគឺជាការបំពានលើ ក្រមសីលធម៌មេធាវី និងសេចក្តីសម្រេចស្ដីពីការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិក ក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ (២០២១-២០២៤) ក្នុងចេតនាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរបស់គណៈមេធាវី បេក្ខជនឈរឈ្មោះបោះឆ្នោត និងសមាជិក-សមាជិកាគណៈមេធាវី។

បើតាមមាត្រា៥០ នៃក្រមសីលធម៌មេធាវី៖ «ដោយអាកប្បកិរិយារបស់ខ្លួន មេធាវីម្នាក់ៗត្រូវ មានស្មារតីទទួលខុសត្រូវចំពោះកេរ្តិ៍ឈ្មោះរបស់គណៈមេធាវី។ នៅក្នុងសេចក្តីសម្រេចស្តីពី ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ (២០២១-២០២៤) ប្រការ៥ បានហាមឃាត់ចំពោះការផ្ដល់ជាប្រាក់កាស ឬសម្ភារដល់ អ្នកបោះឆ្នោត ទោះតាមមធ្យោបាយណាក៏ដោយ»

គណៈមេធាវី បានអះអាងថា ខ្លួននឹងមានវិធានការយ៉ាងតឹងរ៉ឹងចំពោះ លោកមេធាវី ផាន់ ច័ន្ទស័ក្តិ ដែលបានបំពានក្រមសីលធម៌មេធាវី និងសេចក្តីសម្រេចស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ (២០២១-២០២៤)នេះ។

គណៈមេធាវីសូមរំលឹកដល់បេក្ខជន និងអ្នកគាំទ្រ រាល់សកម្មភាពឃោសនា ត្រូវគោរពតាមគោលការណ៍នៃការឃោសនាបោះឆ្នោតដែលបានកំណត់ក្នុងសេចក្ដីសម្រេច ស្ដីពីការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីជាដាច់ខាត៕

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍របស់គណៈមេធាវី៖