(បន្ទាយមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពផលប៉ះពាល់របស់ប្រជាពលរដ្ឋដោយផ្ទាល់នៅតាមខ្នងផ្ទះ ក្នុងភូមិសាស្រ្ត ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នា និងទឹកធ្លាក់ពីលើភ្នំយាយសំ បានបង្កឱ្យភូមិបឹងជង្រុកទទួលរងការជន់លិចផ្ទះប្រជាពលរដ្ឋប្រមាណ ៦៨០ខ្នងផ្ទះ។ ក្នុងពេលចុះពិនិត្យស្ថានភាពនៃការជន់លិច ក៏ដូចជាផលប៉ះពាល់នេះ លោកទេសរដ្ឋមន្ត្រី បានដឹកនាំបញ្ជាកម្លាំងចម្រុះ រៀបចំធ្វើស្ពានឈើបណ្តោះអាសន្ន ដើម្បីប្រជាពលរដ្ឋឆ្លងកាត់ និងបានរំដោះមុខទឹក និងរៀបចំទីទួលសុវត្ថិភាពត្រៀមសម្រាប់ពលរដ្ឋរងផលប៉ះពាល់។

លោកទេសរដ្ឋមន្ត្រី បានបន្តថា ដោយប៉ុន្មានថ្ងៃនេះកម្ពុជាបាននិងកំពុងបន្តទទួលរងឥទ្ធិពលនៃជ្រលងសម្ពាធទាប បង្ករឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងដែលអាចបង្ករជាជំនន់ទឹកភ្លៀង។ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

ក្រៅពីការក្រើនរំលឹកឱ្យមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋាន ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីគ្រោះទឹកជំនន់តាមសរាចរណែនាំរបស់សម្តេចតេជោ ហ៊ុន សែន។

លោកទេសរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តត្រៀមបម្រុង និងមានវិធានការឆ្លេីយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោជាអាទិភាពខ្ពស់លេីអាយុជីវិតមនុស្ស។

សូមបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍បឹងជង្រុក តេជោឈ្នះឈ្នះនេះ បានរងការជន់លិចអស់រយៈពេលជាច្រើនថ្ងៃមកហើយ ហើយសម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យទីប្រឹក្សារបស់សម្តេច គឺលោក ប៉ាន់ ខេមប៊ុនថន យកអំណោយជាស្បៀងអាហារទៅជូនពួកគាត់ផងដែរ៕