(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ នៅថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើយោងសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

គ.ជ.ប បានបន្តថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានគោលដៅធានាឱ្យបានបញ្ជីបោះឆ្នោតមានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព។

គ.ជ.ប បានបញ្ជាក់ថា ការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោត រួមមាន៖

*ទី១៖ ដែលបានទទួលមរណភាព។
*ទី២៖ ដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន។
*ទី៣៖ ដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង ដោយមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត ការកែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត តាមសំណើរបស់សាមីខ្លួន ដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ។

បន្ថែមពីនេះទៀត ចំពោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានរយៈពេល ៥០ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ ការិយាល័យចុះឈ្មោះបោះឆ្នោតបើកធ្វើការជារៀងរាល់ថ្ងៃ ទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ៖ ពេលព្រឹកចាប់ពីម៉ោង ៧៖០០ នាទីព្រឹក ដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ២៖០០នាទីរសៀល ដល់ម៉ោង ៥៖៣០នាទីល្ងាច។

សូមបញ្ជាក់ដែរថា ការិយាល័យចុះឈ្មោះបោះឆ្នោត ត្រូវបិទ៣ថ្ងៃ គឺនៅថ្ងៃទី២៦ ខែតុលាថ្ងៃទី១០ ខែវិច្ឆិកា និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីបើកកិច្ចប្រជុំត្រួតពិនិត្យការ អនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៕