(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីចាត់វិធានការកាយបើកមុខទឹករំដោះទឹកភ្លៀងជន់លិច ផ្លូវ និងតំបន់ប្រជាពលរដ្ឋរស់នៅក្បែរមាត់អូរព្រំដែនមួយចំនួន។

នៅក្នុងឱកាសនោះ លោកបាននាំយកស្បៀងអាហារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋប្រមាណ ៧០គ្រួសារ ដែលមករស់នៅលើទីកន្លែងទួលសុវត្ថិភាព ដែលក្រុមការងារក្រុង/សង្កាត់ បានរៀបចំចំនួន៣ទីតាំង ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ងាយរងគ្រោះដោយទឹកជំនន់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុក្នុងរដូវវស្សានេះ។ ត្រូវតាមដានឱ្យជាប់នូវព័ត៌មានប្រមានជាមុនពីស្ថានភាព អាកាសធាតុ និងសេចក្តីជូនដំណឹងផ្សេងៗរបស់ក្រសួងជំនាញ ដើម្បីត្រៀមលក្ខណៈជាមុនបានទាន់ពេលវេលា។

លោក អ៊ុំ រាត្រី ក៏បានក្រើនរំលឹកដល់អាជ្ញាធរនៅតាមមូលដ្ឋានទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធក្នុងការផ្សព្វផ្សាយព័ត៌មានគ្រោះមហន្តរាយជូនប្រជាពលរដ្ឋ និងត្រូវត្រៀមលក្ខណៈសម្បត្តិ ដើម្បីជួយសង្គ្រោះពួកគេពេលមានគ្រោះមហន្តរាយកើតឡើង៕