(កំពង់ចាម)៖ ព្រះចៅអធិការវត្តវាលបំពង់ ព្រះជន្ម១០៨វស្សា និងលោកយាយម្នាក់អាយុ១០២ឆ្នាំ រស់នៅមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្រោយស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩។ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកស្រី ឱ វណ្ណឌីន យកទៅប្រគេនជូនព្រះតេជគុណ និងប្រគល់ជូននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ។

ព្រះតេជគុណ និងលោកយាយដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន រួមមាន៖

* ទី១៖ ព្រះតេជគុណ កង ឃឹម អាយុ១០៨វស្សា ព្រះចៅអធិការវត្តវាលបំពង់ ស្ថិតក្នុងភូមិវាលបំពង់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់
* ទី២៖ លោកយាយ អ៊ុច សឿន អាយុ១០២ឆ្នាំ រស់នៅភូមិព្រះអណ្ដូងទី២ ឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រគេនជូនព្រះតេជគុណ កង ឃឹម និងប្រគល់ជូនលោកយាយ អ៊ុច សឿន ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់គាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។

លោកយាយ ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។ ជាការកត់សម្គាល់ចំពោះស្ថានភាពសុខភាពរបស់ពួកគាត់ បន្ទាប់ពីទទួលបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសភាពល្អប្រសើរ មិនមានអ្វីប្រែប្រួលនោះទេ។

ទាំងព្រះតេជគុណ កង ឃឹម និងលោកយាយ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានជូនពរដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងរកវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដដែលកំពុងតែរីករាលដាលនៅក្នុងសហគមន៍ នៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ៕