(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន១០៦គ្រួសារ នៅស្រុកទឹកឈូ។ ពិធីនេះបានធ្វើឡើង នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកទឹកឈូ។

ក្នុងឱកាសនោះលោក ជាវ តាយ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ដែលជួបការលំបាកទីទ័លក្រ មានជំងឺជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលទីណាមានពលរដ្ឋជួបទុក្ខលំបាកខ្វះខាត គឺទីនោះមានកាកបាទក្រហមកម្ពុជា និងអាជ្ញាធរ ជួយដោះស្រាយជាប់ជាប្រចាំគ្រប់ទីកន្លែង។ ជាក់ស្ដែងក្នុងបរិបទក្នុងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារប្រជាពលរដ្ឋក្នុងមូលដ្ឋានមួយចំនួន។

លោក ជាវ តាយ បានបន្តថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងបានជំរុញសកម្មភាពចុះជួយដោះស្រាយទាំងស្បៀងអាហារ ថវិកា សម្ភារប្រើប្រាស់បានទាន់ពេលវេលាគ្រប់ ទីកន្លែង ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយឡើយ។ លោក ជាវ តាយ បានបន្ថែមថា បើទោះបីអំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ មានចំនួនតិចតួចក្ដី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ។

ទន្ទឹមនេះ លោក ជាវ តាយ ក៏បានក្រើនរំលឹក និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែរក្សាអនាម័យសុខភាពឱ្យបានល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសេសបន្តរួមគ្នាអនុវត្តនូវវិធានការសុខាភិបាលគឺ «៣កុំ និង៣ការពារ» ឱ្យបានជាប្រចាំ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

សូមបញ្ជាក់ដែរថា អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋទាំង១០៦គ្រួសារខាងលើ រួមមាន៖ អង្ករ ២៥គីឡូក្រាម, ត្រីខកំប៉ុង ០១យួ, ទឹកត្រី០១យួរ, មី០១កេស និងថវិកា ២ម៉ឺនរៀល។ ក្រៅពីនេះ ជូនថវិកាប្រមាណ ៤៦ម៉ឺនរៀល ដល់យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ក្រុមគ្រូពេទ្យ និងកងកម្លាំងនគរបាល អាវុធហត្ថ ប្រជាការពារ ផងដែរ៕