(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសម្របសម្រួលបានជោគជ័យ ជុំវិញបញ្ហាវិវាទរវាងអាជីវករខ្មែរឥស្លាមប្រកបអាជីវកម្មសំឡេះសត្វពពែ និងម្ចាស់ទីសត្វឃាត ទៅលើតម្លៃ៤០០០រៀលក្នុងមួយក្បាល ហើយស្នើសុំយោគយល់កម្រៃសេវាកម្មអនាម័យសត្វចំនួន ២០០០រៀល ទៅលើសត្វពពែមួយក្បាល។ ការសម្របសម្រួលនេះ បានទទួលការសាទរជាអនេកពីសំណាក់ពលរដ្ឋខ្មែរឥស្លាមយ៉ាងច្រើនកុះករ។

ការសម្របសម្រួលបានជោគជ័យនេះ បានធ្វើឡើងនៅក្នុងការសម្របសម្រួលគ្នាមួយនៅក្នុងសាលាស្រុកពញ្ញាឮ ដោយមានការចូលរួមជាអធិបតីភាពរបស់លោក គង់ សោភ័ណ្ឌ, ពលរដ្ឋខ្មែរឥស្លាមប្រមាណជា៣០នាក់ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោក គង់ សោភ័ណ្ឌ បានសម្របសម្រួលប្រកបដោយចិត្តសាស្ត្រខ្ពស់ដែលភាគីទាំង២ អាចទទួលយកបានប្រកបដោយទឹកមុខរីករាយ ខណ:ដែលវិវាទបានកើតឡើងជាយូរមកហើយ រហូតឈានដល់ការប៉ះទង្គិចពាក្យ សំដីគ្នានាពេលកន្លងមក ។

លោក គង់ សោភ័ណ្ឌ បានលើកឡើងជុំវិញការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ដែលបានគិតគូរយល់ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:ទាំងអស់ ហើយលោកក៏យកចិត្ត ទុកដាក់ខ្ពស់ចំពោះរាល់ការធ្វើអាជីវកម្មរបស់ពលរដ្ឋ ដោយបង្កភាពងាយស្រួលដល់ពលរដ្ឋក្នុងការប្រកបអាជីវកម្មផ្សេងៗ ពិសេសបង្កើតភាពងាយស្រួលពលរដ្ឋក្នុងអំឡុងពេលសម័យកូវីដ១៩នេះ។

លោកអភិបាលខេត្តកណ្ដាល បានពន្យល់ពីរបៀបវីរ:ផ្សេងៗជុំវិញភាពស្របច្បាប់ នៃការធ្វើអាជីវកម្មសត្វពពែនេះ និងភាពងាយស្រួលចំពោះការសំឡេះសត្វ នៅឯទីសត្តឃាត។

ជុំវិញការសម្របសម្រួលនេះ លោក ហ៉ីម ម៉ាត់ និងលោកស្រី សាចារ៉ោះ តំណាងពលរដ្ឋអ្នករកស៉ីសត្វពពែនៅឯភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញ្ញាឮ បានសំដែងការសប្បាយរីករាយត្រេកអរឥតឧបមា ដែលបានលោកអភិបាលខេត្ត សម្របសម្រួលបានយ៉ាងពេញចិត្តចំពោះបញ្ហាទំនាស់ ដែលកើតឡើងយ៉ាងរ៉ាំរ៉ៃនាពេលកន្លងទៅ។

ចំពោះកិច្ចនេះដែរលោក សាន់ ធី ម្ចាស់ទីតាំងសត្វឃាតក្នុងភូមិខាងលើ ក៏យល់ព្រមទទួលយកការសម្របសម្រួលនេះ ហើយថានេះជាការសម្របសម្រួលដ៍អស្ចារ្យបំផុតមួយ ដែលបានធ្វើឡើងក្រោមការសម្របសម្រួល ពីលោកអភិបាលខេត្ត ហើយថាបើគ្មានវត្តមានចូលរួមដោះស្រាយពីលោកអភិបាលខេត្តទេ ម្ល៉េះរឿងរ៉ាវនេះនៅតែអូសបន្លាយមិនដឹងពេលណាទេទើបចប់។

គួរជម្រាបថា ការសម្របសម្រួលនេះបានសម្រេចយល់ព្រមទៅលើតម្លៃ ៤០០០រៀលក្នុងមួយក្បាលរយ:ពេលមួយឆ្នាំ ហើយឆ្នាំបន្ទាប់ឡើងតម្លៃ៥០០០រៀល រហូតដល់ចប់អាជ្ញាប័ណ្ណ ខណ:ដែលលោកអភិបាលខេត្ត នឹងស្នើទៅក្រសួងកសិកម្ម ក្នុងការយោគយល់ចំពោះកម្រៃសេវាកម្មអនាម័យសត្វ២០០០រៀល ក្នុងពពែមួយក្បាល ព្រោះអាជីវកម្មមានចំណូលទាបដោយសារជំងឺកូវីដ១៩ ហើយនេះជាមូលដ្ឋាននៃការដោះស្រាយបញ្ចប់វិវាទ អាចឈានទៅដល់ការសម្រេចទទួលយកបានទាំងភាគីសងខាង។

ស្ថិតក្នុងឱកាសចុះសម្របសម្រួលនេះដែរ លោកអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវតែចេះប្រើប្រាស់ពាក្យសំដីល្អសមរម្យទៅចំពោះប្រជាជន ព្រមទាំងមានការសម្របសម្រួលផ្លូវចិត្តទាំងមន្ត្រី និងប្រជាពលរដ្ឋផងដែរ ខណ:ដែលលោកអភិបាលខេត្តស្នើសុំឲ្យមានការយោគយល់អធ្យាស្រ័យគ្នាចំពោះភាពលើសលួសនាពេលកន្លងមកដោយសហការគ្នា គោរពស្រលាញ់រាប់អានគ្នា ក្នុងនាមខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ៕