(ភ្នំពេញ)៖ រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានផ្ដល់ជំនួយជាបរិក្ខារត្រជាក់ សម្រាប់ថែរក្សាវ៉ាក់សាំង ចំនួន២១គ្រឿង តាមរយៈអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា ជូនក្រសួងសុខាភិបាល ដើម្បីសម្រាប់ប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបនឹងជំងឺកូវីដ១៩។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកសាស្ដ្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយលោក មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុន ប្រចាំកម្ពុជា និងលោកស្រី ហ្វ័ររូ ហ្វ័រយូហ្សាត តំណាងអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា ដែលប្រព្រឹត្ដទៅនៅឃ្លាំងឱសថកណ្ដាលនៃក្រសួងសុខាភិបាល។

ឯកអគ្គរាជទូតជប៉ុន លោក មីកាមី ម៉ាសាហ៊ីរ៉ូ បានសម្តែងនូវការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក៏ដូចជាការការពារសុខភាព របស់ប្រជាជនកម្ពុជាទាំងមូល។

លោកឯកអគ្គរាជទូតជប៉ុន ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ជនជាតិជប៉ុនទាំងអស់ ដែលរស់នៅលើទឹកដីកម្ពុជា។

ជាមួយគ្នានោះ លោកសាស្ដា្រចារ្យ អេង ហួត ក៏បានគូសបញ្ជាក់ផងដែរថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ១៩។

លោករដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយមនុស្សដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរីកររាលដាលនៃជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕