(មណ្ឌលគិរី)៖ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងលោក ស្វាយ សំអ៊ាង អភិបាលខេត្ត រួមទាំងមន្ត្រីរាជការជាច្រើនរូបនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានបន្តនាំយកអំណោយឧបត្ថម្ភ សម្រាប់ដោះស្រាយជីវភាពដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ ដោយសារការឆ្លងរាត្បាតដោយសារជំងឺកូវីដ១៩ និងអ្នកក្រីក្រចំនួន៩៤គ្រួសារ នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ។

លោក ស្វាយ សំអ៊ាង បានផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចតែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋ ដែលកំពុងជាប់នៅចំណុចបិទខ្ទប់បណ្តោះអាសន្ន ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

លោកអភិបាលខេត្ត ណែនាំដល់ប្រជាពលរដ្ឋដែលកំពុងជាប់នៅតំបន់បិទខ្ទប់ទាំងអស់ ត្រូវមានការអត់ធ្មត់ និងត្រូវថែទាំសុខភាពឱ្យបានល្អ ពិសេសត្រូវចូលរួមអនុវត្តឱ្យបានខ្ជប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ឱ្យបានពីការចម្លងនៃជំងឺកូវីដ១៩។

លោក ស្វាយ សំអ៊ាង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ ឬមានរោគសញ្ញាសង្ស័យផ្សេងៗ ដែលសង្ស័យសូមរួសរាន់ទៅពិនិត្យ សុខភាពនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឬរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់។

បន្ថែមលើសនេះ លោកអភិបាលបានណែនាំដល់អាជ្ញាធរស្រុកឃុំ និងសមត្ថកិច្ចជំនាញត្រូវពិនិត្យ និងតាមដានប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលមានការខ្វះខាត ឬមានបញ្ហាណាមួយត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីធ្វើការដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តមណ្ឌលគិរី បានរកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១,៣៦៣ករណី ជាសះស្បើយ ៨៤៦ករណី ស្លាប់០៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ចំនួន ៥១១ករណី៕