(កំពង់ចាម)៖ លោកវេជ្ជបណ្ឌិត យិន ស៊ីណាត ប្រធានមន្ទីរពេទ្យខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា នៅសប្តាហ៍ក្រោយ ខេត្តកំពង់ចាម នឹងចាប់ផ្តើមដំណើរការផលិតអុកស៊ីសែន ដោយខ្លួនឯងហើយ គឺលែងទៅទិញពីភ្នំពេញដែលជាមធ្យម ក្នុងមួយថ្ងៃប្រមាណ ៣០០បំពង់នោះទៀតហើយ។

លោកវេជ្ជបណ្ឌិត យិន ស៊ីណាត បានឲ្យដឹងទៀតថា មន្ទីរពេទ្យខេត្តកំពង់ចាម បានទទួលម៉ាស៊ីនសម្រាប់ផលិតអុកស៊ីសែនមួយគ្រឿង គឺជាជំនួយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី និងបានដាក់ចូលក្នុងរោងផ្ទុកម៉ាស៊ីន នេះរួចហើយ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ក្រោមការត្រួតពិនិត្យពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការីជាច្រើនរូបទៀត។

លោកប្រធានមន្ទីរពេទ្យ បានបន្តថា ខណៈនេះខាងក្រុមជាងអគ្គិសនីកំពុងតបណ្តាញខ្សែអគ្គិសនី បំពាក់លើម៉ាស៊ីននេះ ដែលមានសមត្ថភាពផលិតខ្យល់អុកស៊ីសែនបានក្នុងមួយម៉ោងចំនួន ១០បំពង់ ដែលអាចនឹងដាក់ឱ្យដំណើរការ ផលិត នៅសប្តាហ៍ក្រោយនេះ៕