(សៀមរាប)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសទទួលស្គាល់ និងអនុញ្ញាតឲ្យសណ្ឋាគារ ឡូទុសប្លង្គ អូតែល & រីសត (Lotus Blanc Hotel & Resort) ដែលជាសណ្ឋាគារដំបូងគេ ក្នុងខេត្តសៀមរាប ជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល។ នេះបើតាមលិខិតអនុញ្ញាតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោក ម៉ម ប៊ុនហេង បានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា «អនុញ្ញាតឲ្យមានការផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល នៅសណ្ឋាគារ ឡូទុសប្លង្គ មានទីតាំងស្ថិតនៅផ្លូវជាតិលេខ៦ A សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានលោកស្រី គួយ ណាលីន ជាតំណាងឲ្យសណ្ឋាគារ និងលោកវេជ្ជបណ្ឌិត អ៉ិតឆប ឆរ័ត្ន ជាអ្នកទទួលខុសត្រូវផ្នែកបច្ចេកទេស»

តំណាងសណ្ឋាគារនេះបានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាលរួចហើយ សណ្ឋាគារឡូទុសប្លង្គ អូតែល & រីសត (Lotus Blanc Hotel & Resort) នឹងចាប់ផ្តើមបើកទទួលផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១តទៅ។ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងបណ្តាលខេត្តនានា ដែលត្រូវការសេវានេះ អាចទាក់ទងមកលេខ ០១៥ ៤៧៣ ២២២ ឬ ០១៥ ២៦៧ ២២២៕