(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់មាតាបិតាសិស្ស សប្បុរសជន បណ្ដាក្រុមហ៊ុន ចូលរួមគាំទ្រជាសម្ភារៈនានា ដើម្បីគាំទ្រដល់បើកដំណើរការសាលារៀនឡើងវិញឲ្យប្រព្រឹត្តទៅដោយរលូន។

លោកបានថ្លែងយ៉ាងដូច្នេះក្នុងពិធីប្រគល់សម្ភារៈអនាម័យជូនដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងការិយាល័យក្រុង-ស្រុកទាំង ៩ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។

លោកបានបន្តថា ដើម្បីលើកកម្ពស់សុខភាពរបស់សិស្សក្នុងការបើកដំណើរការសាលារៀនឡើងវិញបាន អាជ្ញាធរមូលដ្ឋាន មាតាបិតាសិស្ស លោកគ្រូ អ្នកគ្រូ ត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ហើយលោកនាយក នាយិកាសាលា ដែលជាអ្នកគ្រប់គ្រងសាលារៀននីមួយៗត្រូវសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ។

លោកបានអំពាវនាវទៀតថា មាតាបិតាសិស្ស សប្បុរសជន បណ្ដាក្រុមហ៊ុន សូមចូលរួមគាំទ្រជាសម្ភារៈ ដូចជាទឹកអាល់កុល ម៉ាស ម៉ាស៊ីនវាស់កម្ដៅជាដើម ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងរក្សាសុវត្ថិភាពសិក្សារបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ។ ជាមួយគ្នានេះ មាតាបិតាអាណាព្យាបាលសិស្សទាំងអស់ សូមមេត្តាចូលរួមផ្គត់ផ្គង់កូនៗរបស់ខ្លួនដោយមានម៉ាស ម្ហូបអាហារ ទឹកស្អាត ព្រោះថាក្រសួងអប់រំមិនអនុញ្ញាតលក់ចំណី អាហារក្នុងសាលារៀនឡើយ និងប្រសិនបើកូនៗមានសភាពក្តៅខ្លួន ឬសុខភាពខុសពីធម្មតា សូមកុំឲ្យកូនមករៀនត្រូវទៅពិនិត្យសុខភាពជាបន្ទាន់ តាមរយៈការធ្វើតេស្តរកកូវីដ។

លោក សុខ លូ បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ សូមចូលរួមអនុវត្តនូវវិធាន ៣-កុំ ៣-ការពារ ហើយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវចាត់មន្ត្រីតាមដានជាប្រចាំ។

យោងតាមការបញ្ជាក់ពីលោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានឲ្យដឹងថា គ្រឹះស្ថានសិក្សារដ្ឋក្នុងខេត្តមានចំនួន ៧៩៧ ថ្នាក់រៀនមានចំនួន ៤,៩០៦ ថ្នាក់ សិស្សចំនួន ១៥៥,៩៣៣នាក់ ស្រីចំនួន ៧៩,៣០៧នាក់។ ក្នុងនោះការបើកដំណើរការសាលាមាន ២៨៧សាលា មាន វិទ្យាល័យ ១៦សាលា អនុវិទ្យាល័យ ៤៤សាលា និងបឋមសិក្សា ២២៩សាលា។

សូមជម្រាបថា ក្នុងពិធីប្រគល់ខាងលេី មានម៉ាសចំនួន ២០កេះធំ អាល់កុលចំនួន ២០កាន ចំណុះ៣០លីត្រ និងសាប៊ូចំនួន ១,៤៤០ដុំ៕