(ព្រៃវែង)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពារាំង និងសហការី នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រគេនទេយ្យទានជាគ្រឿងឧបភោគ-បរិភោគ និងបច្ច័យមួយចំនួនថ្វាយព្រះសង្ឃដែលគង់នៅវត្តចំនួន ៨ ស្ថិតនៅក្នុងឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង សម្រាប់ពិធីបុណ្យកាន់បិណ្ឌដែលនឹងឈានមកដល់នាថ្ងៃខាងមុខនេះ។

ទេយ្យវត្ថុ និងបច្ច័យដែលត្រូវបាននាំយកទៅប្រគេនចំពោះព្រះសង្ឃចំនួន ៨ វត្ត នាឱកាសនោះ ក្នុងមួយវត្ត លោកបានប្រគេននូវស្លាដក់ ១កញ្ចប់, ទឹកសុីអុីវ ៥យួរ, ទឹកត្រី ៥យួរ, មីជាតិ ១០កេសតូច, ត្រីខកំប៉ុង ៥កេស, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ១០កេស, អង្ករ ២០០គីឡូ, បច្ច័យជូនយាយជីតាជី ៦៨នាក់ ក្នុង០១នាក់ ២០.០០០រៀល, បច្ច័យជូនលោកអាចារ្យ ១៦នាក់ ក្នុង០១នាក់ ១០០.០០០រៀល, បច្ច័យប្រគេនព្រះសង្ឃ ៥០០.០០០រៀល, បច្ច័យកសាងវត្ត ៤.០០០.០០០រៀល សរុបថវិកា ៥៤.១៦៨.០០០រៀល។

ជាមួយសទ្ធាជ្រះថ្លាក្នុងការប្រគេនទេយ្យទានទាំងឡាយនេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន និងសហការី បានឧទ្ទិស កុសលផល បុណ្យជូនដល់ បុព្វការី ជន មាន មាតាបិតា ជីដូន ជីតា ញា តិការ ទាំង ៧ សណ្ដាន ដែលបានចែកឋានទៅលោកខាងមុខ ព្រមទាំងដួងវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារទឹកដីសូម បាន សោយសុខក្នុងឋាន សុគតិភព។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនកើតមានដល់ក្រុមគ្រួសារ មន្ត្រីរាជការក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា សូមទទួលបានសុភមង្គល ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។

ក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារបានសម្ដែងនូវការដឹងគុណចំពោះការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់អំពីសុខមាលភាពប្រជាពលរដ្ឋដោយខិតខំស្វែងរកវ៉ាក់សាំងកូវីដ១៩ ចាក់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា។

នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋត្រូវទៅចាក់វ៉ាក់សាំងកូវីដ១៩ឱ្យបានគ្រប់គ្នា និងបន្តចូលរួមធ្វើអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់សុខាភិបាលឲ្យបានត្រឹមត្រូវ ព្រមទាំងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យកើតក្នុងគ្រួសារ និងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីដំណើរការឡើងវិញនូវវិស័យអប់រំ ទេសចរណ៍ និងសេដ្ឋកិច្ចជាតិ៕