(ស្ទឹងត្រែង)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខេត្តស្ទឹងត្រែង។

លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ការអនុវត្តផែនការយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្ត គិតត្រឹមថ្ងៃទី១៨ ខែកញ្ញានេះ សម្រេចបានជាង១០២ភាគរយ លើផែនការសរុប ១១៧,៣៣៨នាក់ ក្នុងនោះ សម្រាប់កុមារ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ សម្រេចបាន៨១ភាគរយ នៃផែនការ ២៣,៦៣៤នាក់។

បើតាមលោក ម៉ុម សារឿន ចាប់ពីថ្ងៃនេះតទៅ ខេត្តស្ទឹងត្រែង នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារដែលមានអាយុ ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំផងដែរ ក្នុងផែនការត្រូវចាក់លើកុមារក្នុងក្រុម អាយុនេះចំនួន ២២,៦៧២នាក់។ ទន្ទឹមនោះក៏នឹងរក្សាទុកនៅទីតាំងមួយកន្លែង ក្នុងទីរួមខេត្ត ស្ថិតនៅទីតាំងមណ្ឌលសុខភាពស្ទឹងត្រែង សម្រាប់ជាទីតាំងបន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលនៅពុំទាន់បានចាក់ ដោយករណីផ្សេងៗក្នុងរយៈពេលកន្លងមក។

បន្ថែមពីនេះ លោកអភិបាលខេត្តបន្ដថា ក្នុងបរិការណ៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់ខេត្តស្ទឹងត្រែង គឺបានចាប់ផ្តើមឆ្លងដំបូងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ដែលបានរកឃើញថាមានករណីវិជ្ជមានលើប្រជាពលរដ្ឋអាយុ ២៤ឆ្នាំ ជាកម្មករ ធ្វើដំណើរមកពីខេត្តព្រះសីហនុ និងបន្តពីនោះមកមានករណីផ្ទុះការឆ្លងរាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ចំនួន២លើក រួចមកហើយ ដែលបានឈានទៅបិទខ្ទប់មូលដ្ឋានភូមិមួយចំនួន ជាពិសេសក្នុងដំណាក់កាលដ៏លំបាកមួយ នៃការផ្ទះលើកទី២ បានសម្រេចបិទខ្ទប់ភូមិសាស្ត្រ ក្រុងស្ទឹងត្រែងផងដែរ។

ជាក់ស្តែងគិតត្រឹមថ្ងៃទី១៨ ខែកញ្ញា ម្សិលមិញនេះ ករណីវិជ្ជមានកូវីដ-១៩ ក្នុងខេត្តស្ទឹងត្រែង សរុបចំនួន១,១២៨នាក់ ក្នុងនោះមានប្រភេទបំប្លែងថ្មី Delta ១៤៣នាក់ ស្លាប់ចំនួន ១២នាក់។ មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៨៧៥នាក់ និងកំពុងបន្តសម្រាកព្យាបាលចំនួន ២៤១នាក់ទៀត។

ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន បានសម្ដែងនូវការអបអរសាទរ ចំពោះខេត្តស្ទឹងត្រែង ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរហូតលើសផែនការដែលបានកំណត់។ បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលបានខិតខំប្រឹងប្រែងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។

លោកស្រី ឱ វណ្ណឌីន ក៏មិនភ្លេចនូវការក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋ បើទោះបីទទួលបានវ៉ាក់សាំងហើយក្ដី តែមិនត្រូវភ្លេចនូវវិធានការការពារ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ពិសេសវិធានការ៣ការពារ និង៣កុំ ដែលបានដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩។

បន្ថែមពីនេះ លោកស្រី ឱ វណ្ណឌីន ក៏បានជំរុញដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវតែបន្ដយកចិត្ដទុកដាក់បន្ថែមទៀត ក្នុងចលនាផ្សព្វផ្សាយអប់រំ ពីវិធានការ ការពារ ទប់ស្កាត់ ការចម្លងមេរោគកូវីដ១៩ ដល់ប្រជាពលរដ្ឋ ក្រោមប្រធានបទ «រួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ១៩» ដោយប្រើប្រាស់នូវសារអប់រំ ដែលយើងបានចែកចាយរួចទៅហើយនោះ៕