(ពោធិ៍សាត់)៖ សហគ្រាស TK & D បានបណ្តាក់ទុនវិនិយោគ លើទឹកប្រាក់ប្រមាណជាង៥លានដុល្លារសហរដ្ឋអាមេរិក ក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង ដែលជាផលិតផលកកើតឡើងមក (អាចបរិភោគបាន) ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងសង្គមជាតិ។

សហគ្រាសនេះត្រូវបានកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។

បើតាមលោកស្រី ទិត សុខុម ស្ថាបនិកសហគ្រាស TK & D បានឱ្យដឹងថា ដោយសង្កេតឃើញតាមបណ្តាប្រទេសជឿនលឿនមួយចំនួន បានយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាព អនាម័យ និងបរិស្ថាន និងដោយមានទឹកចិត្តស្រលាញ់ជាតិផងនោះ ទើបក្រុមការងាររបស់លោកស្រីបានបង្កើតសហគ្រាសនេះឡើង ដើម្បីការពារបរិស្ថាន និងដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចកម្ពុជា និយាយជារួម និងនិយាយដោយឡែកសេដ្ឋកិច្ចក្នុងខេត្តពោធិ៍សាត់ ឱ្យមានការរីកចម្រើន ក្រោមដំបូលសុខសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។

លោកស្រីបានបន្ថែមថា សហគ្រាស TK & D នឹងធ្វើការផលិតកែវក្រដាស និងបំពង់បឺតធ្វើពីម្សៅអង្ករ ម្សៅពោត និងម្សៅដំឡូង ដែលអាចពិសាបាន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយមិនប្រើសារធាតុគីមីធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិក បង្កើតភាពបៃតងនៅកម្ពុជា។

លោកស្រីបានបន្តថា សហគ្រាសនេះដែរ បានសហការគ្នាចូលរួមបណ្តាក់ទុនវិនិយោគលើទឹកប្រាក់ប្រមាណជាង ៥លានដុល្លារសហរដ្ឋអាមេរិក នៅលើផ្ទៃដីប្រមាណជាង ២ ហិកតា ក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអាចស្រូបយកនូវទីផ្សារពលកម្មជូនប្រជាពលរដ្ឋយើងបានប្រមាណជាង ១០០នាក់។

ក្នុងឱកាសកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងពិនិត្យមើលដំណើរការខ្សែចង្វាក់ សហគ្រាស TK & D នេះដែរ លោក ម៉ៅ ធនិន បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះការវិនិយោគនេះ និងបានស្នើដល់សហគ្រាសឱ្យទទួលទិញផលិតផលដើម ដែលប្រជាកសិករក្នុងខេត្តធ្វើការដាំដុះ និងប្រមូលផលបាន សម្រាប់ផ្គត់ផ្គង់ក្នុងតម្រូវការផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូងនេះ។

ជាមួយគ្នានោះ លោកអភិបាលខេត្តបានស្នើឱ្យសហគ្រាសនេះ ទទួលបានការគាំទ្រពីសំណាក់អតិថិជនបានកាន់តែច្រើនឡើង ក្នុងចូលរួមចំណែកជួយទ្រទ្រង់សេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចសេដ្ឋកិច្ចកម្ពុជាឱ្យបានការទទួលស្គាល់ពីឆាកអន្តរជាតិ៕