(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅក្នុងទំនៀមព្រះនគរខ្មែរ បើនិយាយអំពីពីធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យដែលមានរយ:ពេលវែងជាងគេក្នុងចំណោមពិធីបុណ្យប្រពៃណីរជាតិខ្មែរ ឬពិធីបុណ្យប្រពៃណីនានាលើពិភពលោកព្រោះមានរយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥ រោចខែភទ្របទ្រ ដែលកុលបុត្រកុលធីតាខ្មែរតែងប្រារព្វពិធីនេះ ពុំដែលអាក់ខានទ្បើយ តាំងពីសម័យបុរាណរៀងមក លើកលែងតែរបបផ្តាច់ការខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ប៉ុណ្ណោះ។

សព្វថ្ងៃនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅក្នុង Facebook ខ្លះបាន និងកំពុងបំផុសគំនិតទាត់ចោលទំនៀមបុរាណមួយនេះ ដោយអះអាងថា «ការបោះបាយបិណ្ឌ» គឺជាអាហាររបស់ប្រេត ជាការធ្វើទានខ្ជះខ្ជាយដែលព្រះពុទ្ធពុំបានបង្គាប់ឲ្យធ្វើ ជាជំនឿឥតប្រយោជន៍ និងខាតបង់សេដ្ឋកិច្ចផងដែរ។

ត្រង់ចំណុចនេះលោក រ័ត្ន សណ្ដាប់ បានសម្ដែងនូវការសោកស្ដាយ ចំពោះការបំផុសគំនិតទាត់ចោលទំនៀមបុរាណដ៏ប្រពៃថ្លៃថ្លាមួយនេះ និងថាកុលបុត្រកុលធីតាខ្មែរពុំគួរមានគំនិតទាត់ចោលទំនៀមបុរាណ «ការបោះបាយបិណ្ឌក្នុងកិច្ចពិធីបុណ្យភ្ជុំបិណ្ឌ» នេះទេ ពីព្រោះជាកិច្ចពិធីដ៏ចម្បង និងមានសារៈសំខាន់បំផុត។ នេះដោយហេតុថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ដោយផ្សារភ្ជាប់ ប្រពៃណីនិងសាសនា មិនខុសពីបុណ្យចូលឆ្នំា, បុណ្យច្រត់ព្រះនង្គ័ល, បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុកទ្បើយ។

«បានន័យថាពិធីបុណ្យភ្ជុំបិណ្ឌ ពុំមែនជាពិធីបុណ្យព្រះពុទ្ធសាសនាដូចជាពិធីបុណ្យមាឃបូជា និងពិសាខបូជាទេ។ ដោយហេតុនេះ បានជាប្រទេសកាន់ព្រះពុទ្ធសាសនា មានដូចជា លាវ, ថៃ, ភូមា និងស្រីលង្កា ជាដើមគឺពុំមានពិធីបុណ្យភ្ជុំបិណ្ឌនោះទេ។ មួយវិញទៀត ចំពោះគំនិតដែលទាត់ចោលទំនៀមបុរាណ និងបានអះអាងថា "ការបោះបាយបិណ្ឌ" ជាអាហាររបស់ប្រេត ហើយការបោះបាយបិណ្ឌនេះទៀសោត គឺពុំបានដល់ប្រេតនោះទេ គឺជាការយល់ខុស»។ នេះបើតាមលោក រ័ត្ន សណ្តាប់។

ត្រង់ចំណុចនេះ លោក រ័ត្ន សណ្ដាប់ បានបញ្ជាក់ថា បើពិនិត្យអំពីប្រព័ន្ធជំនឿខ្មែរ «បាយបិណ្ឌ» ដែលគេពូតជាដុំតូចៗ រៀបដាក់ជុំវិញ «បាយបិត្តបូរ» ពូតជាពំនូត ជារាងសាជី ស្លឹកចេកមានកំពូលស្រួច និង មានដោតទង់ជ្វា ទៀន ធូប ផ្កា ភ្ញី ជា លំអផង គឺពុំមែនជាអាហាររបស់ប្រេតនោះទេ។ បានសេចក្ដីថា បាយបិណ្ឌ នេះជានិមិត្ដរូបនៃរូបរាងកាយថ្មី របស់អ្នកដែលបានស្លាប់ទៅហើយត្រូវមកទទួលយកវាដើម្បីប្រែរូប ទៅចាប់កំណើតជាថ្មី។ កិច្ចប្រែរូបនេះ មានក្នុងកិច្ចពិធីបុណ្យសព នៅតាមតំបន់ ដែលប្រកាន់ខ្ជាប់ទំនៀមទម្លាប់ បុរាណខ្មែរផងដែរ។

លោក រ័ត្ន សណ្ដាប់ បន្ដថា បើដូច្នេះចំពោះការបោះបាយបិណ្ឌ ឬបាយពំនូតនេះគឺប្រៀបដូចជា «រូប» សម្រាប់ឲ្យ «នាម» ជាវិញ្ញាណឥតរូបដែលអន្ទោលវិលវល់នោះ មកតោងសណ្ឋិតដើម្បីបង្កើតជា «នាមរូប» ដែលយើងហៅថា «ចាប់ជាតិជាថ្មី» នេះឯង។ ស្ថិតក្នុងបរិបទនេះហើយ បានជាកិច្ចពិធីបោះបាយបិណ្ឌ គេប្រារព្ធនៅជុំវិញព្រះវិហារ នាវេលាម៉ោង ៤ជិតភ្លឺនោះ ពីព្រោះព្រះវិហារជានិមិត្ដរូប ដល់ការប្រសូត្រពីផ្ទៃម្ដាយ។

លោកបន្ថែមយ៉ាងដូច្នេះ៖ «បានន័យថា បាយបិណ្ឌ ពុំមែនជាអាហាររបស់ប្រេតនោះទេ បើសិនជាអាហាររបស់ប្រេតនោះ គឺគេពុំចាំបាច់ងើបពីព្រលឹមម៉ោង៤ទៀបភ្លឺមុនថ្ងៃរះ ទៅបោះបាយបិណ្ឌនំាឲ្យអត់ងងុយខាតពេលនោះទេ គឺគេអាចរៀបចំម៉ោងណាក៏បានដែរ។ បើនិយាយពីការស្លាប់ក្នុងសាសនា គឺពុំមែនជាទីបញ្ចប់របស់មនុស្សទ្បើយ ព្រោះបើសិនជាទីបញ្ចប់របស់មនុស្សប្រហែលជាយើងម្នាក់ៗ ពុំចាំបាច់ខំធ្វើបុណ្យនោះទេ។ បើដូច្នេះ អ្វីដែលយើងខំធ្វើបុណ្យឧទ្ទិសដល់អ្នកស្លាប់ គឺដើម្បីតម្រង់ផ្លូវឲ្យទៅតាមគន្លងធម៌នេះឯង»។

លោក រ័ត្ន សណ្ដាប់ បានបន្ដទៀតថា ស្ថិតក្នុងន័យនេះក្នុងប្រព័ន្ធជំនឿខ្មែរ «ព្រះវិហារជានិមិត្ដរូបម្ដាយ» រីឯ «សាលាឆាន់ជានិមិត្ដរូបឪពុក»។ ដូចនេះចំពោះការបោះបាយបិណ្ឌដោយដើរជុំវិញព្រះវិហារនាវេលាម៉ោង ៤ជិតភ្លឺ គឺជាវដ្ដ វិលពីភាពងងឹតមកភាពភ្លឺ ឬពីការស្លាប់មកការចាប់កំណើតជាថ្មីពីផ្ទៃម្ដាយនេះឯង។ បានសេចក្ដីថាក្នុងកិច្ចពិធីនេះ ជាការរំឭកដល់ គុណមាតាបិតា ឬបុព្វការីជនទំាងឡាយដែលបានបង្កើតយើង ឬបង្កើតលោកនេះឯងដែលហៅថា «ទេវតាខាងដើម» ដែលបានផ្ដល់កំណើត ឬជាគ្រូអាចារ្យដំបូងបំផុត ដែលបានបង្ហាត់បង្រៀនអប់រំយើងឲ្យមានសីលធម៌ និងគុណធម៌រស់នៅក្នុងសង្គមពោរពេញដោយសេចក្តីថ្លៃថ្នូរ។

លោក រ័ត្ន សណ្ដាប់ បញ្ជាក់ទៀតថា ក្នុងប្រព័ន្ធជំនឿខ្មែរនេះទៀតសោត ពាក្យថា «ប្រេត» មានអត្ថន័យអវិជ្ជមាន ឬធ្វើឲ្យភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរបំផុតដល់ពូជពង្សវង្សត្រកូលខ្លួន។ ហេតុនេះគ្មាននរណាម្នាក់ចង់ធ្វើឲ្យវិញ្ញាណបុព្វបុរស ជីដូនជីតាខ្លួនត្រូវវង្វេងវង្វាន់ ជាមួយនឹងពាក្យប្រមាថបែបនេះទ្បើយ។

ម៉្លោះហើយការបោះបាយបិណ្ឌក្នុងកិច្ចពិធីបុណ្យភ្ជុំបិណ្ឌ បានបង្ហាញអំពីគុណតម្លៃដល់កុលបុត្រកុលធីតាខ្មែរ គឺការគោរពដឹងគុណ និងមានគុណធម៌ដ៏ប្រពៃចំពោះបុព្វការីជន ដោយធម៌ទាំងពីរនេះមានតម្លៃខ្លាំងណាស់ក្នុងអារ្យធម៌ខ្មែរ ព្រោះជាគោលដ៏ចម្បងក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដោយតភ្ជាប់ពីអតីត បច្ចុប្បន្ន និងអនាគតកុំឲ្យភ្លេចពូជពង្យវង្សត្រកូខ្លួន ឬភ្លេចជាតិឯង ដែលកាលទំាងបីនេះ មានគុណតម្លៃខ្លំាងណាស់សម្រាប់ប្រទេស ដែលមានអរិយធម៌សំបូរបែប និងរុងរឿង។ បើដូច្នេះកុលបុត្រកុលធីតាខ្មែរ ពុំគួរបំផុសគំនិតទាត់ចោលទំនៀមបុរាណការបោះបាយបិណ្ឌក្នុងកិច្ចពិធីបុណ្យភ្ជុំបិណ្ឌនោះទេ៕