(កណ្តាល)៖ លោក ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់សម្ដេច តេជោ ហ៊ុន សែន និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មូលដ្ឋានស្រុកកណ្តាលស្ទឹង តំណាងលោកកិត្តិបណ្ឌិត ហ៊ីង ប៊ុន ហៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២១នេះ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី ព្រមទាំងរៀបចំអនុវត្តផែនការ សកម្មភាពការងារគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នាឱកាសនោះ លោក ហង្ស សាមឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបាននឹងកំពុងដឹកនាំបញ្ជាអន្តរាគមន៍ដោយផ្ទាល់លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកបដោយភាពប្រាកដនិយម និងភាពជឿជាក់ជូនដល់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស និងសហគមន៍អន្តរជាតិ។

លោក ហង្ស សាមឿន ក្នុងនាមលោកកតិបណ្ឌិត ហ៊ីង ប៊ុនហៀង អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកណ្តាល បានថ្លែងបន្តដោយវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានា ដែលគណបក្សទទួលបាននៅក្នុងស្ថានភាព ដែលពិភពលោកទាំងមូល និងកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលជិត០២ឆ្នាំកន្លងមកនេះ ក្រោមគោលមាគ៌ាដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពជឿជាក់របស់សម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញា ប្រែក្លាយវិបត្តិនៃជំងឺកូវីដ១៩ ទៅជាឱកាសសម្រាប់ការកំណែទម្រង់កាន់តែស៊ីជម្រៅបន្ថែមទៀតសំដៅ កសាងបាននូវប្រព័ន្ធសេដ្ឋកិច្ច និងសង្គមឱ្យកាន់តែរឹងមាំ និងមានភាពធន់ទៅនឹងវិបត្តិនេះនាពេលអនាគត។

ជាមួយគ្នានេះ លោក ហង្ស សាមឿន ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណបក្សគ្រប់ថ្នាក់ អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងកិច្ចការពង្រឹងខឿនការពារជាតិ ឯករាជ្យ ការពារអធិបតេយ្យ ភាពបូរណភាព ដែលជាសសរស្តម្ភដ៏រឹងមាំសម្រាប់ទ្រទ្រង់នូវសន្តិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ទប់ស្កាត់បានរាល់ការប៉ុនប៉ងនានារបស់ពួកអមិត្ត និងមជ្ឈដ្ឋានអគតិ ដែលតែងតែចិញ្ចឹមចិត្តបំបែកបំបាក់ផ្ទៃក្នុងកម្ពុជា និងបំផ្លិចបំផ្លាញសុខសន្តិភាពធានាបាននូវភាពសុខដុមរមនា និងជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនស្របតាមគោលនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល។

លោក ហង្ស សាមឿន ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ បន្តរួមគ្នាអនុវត្តន៍តាមផែនការដែលបានដាក់ចុះ សំដៅប្រសិទ្ធភាពការងារ និងជោគជ័យសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ និងរួមគ្នាអនុវត្តវិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩ និងគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព។ តាមរយៈការដាក់ចេញនូវវិធានការជំហានៗ ប្រកបដោយ ភាពជឿជាក់និងប្រាកដនិយម ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសដោយដៃម្ខាងបានប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺកូវីដ១៩ អនុវត្តនូវយុទ្ធសាស្រ្ត៣ សំខាន់ៗគឺ៖ ទប់ស្កាត់ ព្យាបាល និងការចាក់វ៉ាក់សាំង ហើយដៃម្ខាងទៀតគឺការអនុវត្តគោលនយោបាយរក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងធុរៈកិច្ចគ្រប់វិស័យ ដើម្បីរក្សាបាននូវតុល្យភាពសង្គម-សេដ្ឋកិច្ច។

លោក ហង្ស សាមឿន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយចាក់ស្រោចវ៉ាក់សាំងដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ កុមារ និងក្មេងវ័យជំទង់ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ និងកំពុងដំណើរការចាក់ដូសជំរុញ (ដូសទី៣) ដល់មន្រ្តីរាជការ កងកម្លាំងជួរមុខប្រជាពលរដ្ឋ (ដល់អ្នកមានអាយុ ១៨ឆ្នាំឡើង បានជិត១០០% កុមារ និងវ័យជំទង់ អាយុ១២ ឆ្នាំដល់១៧ឆ្នាំ ចាក់បាន ប្រមាណ៩០%) ព្រមទាំងការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមាអាយុ៦ឆ្នាំ ដល់១២ឆ្នាំ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ សំដៅការពារសុខុមាលភាព និងអាយុជីវិតប្រជាពលរដ្ឋបង្កើតភាពស៊ាំ ក្នុងសង្គមពន្លឿនការបើកសង្គម-សេដ្ឋកិច្ច និងដំណើរការសាលារៀនឡើងវិញ។

នាឱកាសនោះដែរ លោក ហង្ស សាមឿន បានយកអំណោយរបស់សម្តេចតេជោ ហ៊ុន ចែកជូនដល់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំង៣ ដោយទទួលយកនូវថវិកាមួយចំនួនក្នុងនោះមានក្រុមការងារបក្ស ថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានស្រុកសាលាវគ្គ ហ្វឹកហ្វើនសមាជិកឃុំ ភូមិ សរុបចំនួន៥៣២នាក់ ផងដែរ៕