(ភ្នំពេញ)៖ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន កម្រិតចាប់ពីអនុវិទ្យាល័យឡើងទៅ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានចាប់ផ្តើមបើកដំណើរការរៀនផ្ទាល់ឡើងវិញហើយ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១មក ដោយអនុវត្តតាមវិធានការសុខាភិបាល។ ការបើកសាលានៅរាជធានីភ្នំពេញឡើងវិញនេះ បន្ទាប់ពីគ្រឹះស្ថានសិក្សានីមួយៗ បានរៀបចំឱ្យលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ខណៈដែលស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងរាជធានីភ្នំពេញ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ចំពោះគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ SOP តាមលិខិតលេខ៥០ និងលិខិតលេខ៤៦ របស់ក្រសួងអប់រំ និងសេចក្តីណែនាំ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

លោក ឌឹម វីរៈរិទ្ធិ នាយកសាលាអនុវិទ្យាល័យចតុមុខ បានបញ្ជាក់ថា សាលារបស់លោកបានគោរពតាមគោលការណ៍សំខាន់ៗ នៃការអនុញ្ញាតឱ្យបើកសាលាឡើងវិញ ដែលតម្រូវឱ្យអនុវត្តដូចជា៖ កំណត់ថ្នាក់រៀនឱ្យសិស្សច្រើនបំផុត ១៥នាក់ ការពាក់ម៉ាស់ រក្សាគម្លាត សម្អាត-បាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ វាស់កំដៅ បាញ់អាល់កុល មិនឱ្យយកអាហារចូល និងលេងជុំគ្នាជាដើម។ លោកនាយកបន្ថែមថា ជាពិសេសក្នុងម៉ោងសិក្សា មានការបែងចែកសិស្សដែលស្ម័គ្រចិត្តរៀនតាមអនឡាញ និងរៀននៅក្នុងថ្នាក់ផ្ទាល់ទៀតផង។

បើតាមរដ្ឋបាលរាជធានីភ្នំពេញ ដំណាក់កាលដំបូងនេះ មានសាលាចំនួន ២២៧ទីតាំង ត្រូវបានបើកដំណើរការឡើងវិញ ក្នុងនោះសាលារដ្ឋមាន ៦៨ទីតាំង និងសាលាឯកជន មានចំនួន ១៥៩ទីតាំង។ មិនខុសពីគ្រឹះស្ថានសិក្សាសាធារណៈនោះទេ គឺគ្រឹះស្ថានសិក្សាឯកជន នៅរាជធានីភ្នំពេញ ក៏បានគោរពតាមគោលការណ៍ SOP យ៉ាងមាំមួនផងដែរ ក្នុងការបើកដំណើរការថ្នាក់រៀនឡើងវិញ។

គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន បានគាំទ្រយ៉ាងខ្លាំងចំពោះការបើកឱ្យដំណើរការឡើងវិញសាលាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ។ អ្នកនៅក្នុងវិស័យអប់រំ រំពឹងទុកថា ថ្នាក់សិក្សាកម្រិតទាបក៏អាចនឹងត្រូវបើកឡើងវិញ នៅពេលខាងមុខឆាប់ៗនេះមិនខាន។

គួរជម្រាបថា អំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ នេះដែរ ក្រសួងអប់រំនៅតែលើកទឹកចិត្ត គ្រឹះស្ថានសិក្សាបន្តអនុវត្តការបង្រៀនតាមបែបចម្រុះ និងតាមប្រព័ន្ធអេឡិចត្រូនិក ដោយគ្រូបង្រៀនអាចបង្រៀន Live និងផ្ដល់ឱកាសដល់សិស្ស ក្នុងការធ្វើស្វ័យសិក្សា ដោយប្រើប្រាស់សៀវភៅសិក្សាគោល និងតាមបែបអេឡិចត្រូនិកអនុវត្តការធ្វើតេស្ត៕

លោក រស់ សុវាចា អ្នកនាំពាក្យនៃក្រសួងអប់រំ យុវជន និងកីឡា

លោក ឌឹម វីរៈរិទ្ធិ នាយកសាលាអនុវិទ្យាល័យចតុមុខ

លោក ទិព្វ ណារេន អគ្គនាយក និងជាប្រធានស្ថាបនិក នៃសាលារៀន អាស៊ាន ហ៊ែរីថេជ

លោកស្រី សាឯម កម្រង នាយិកាចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក

លោក គង់ សំនៀង ឣគ្គនាយករង ក្រុមហ៊ុនវេសឡាញហឣេឌ្យូខេសិនគ្រូប