(ព្រះវិហារ)៖ លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារខេត្តជាច្រើនរូបទៀត នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានដែកបាឡេត៍ចំនួន ១កន្លែង ក្នុងស្រុកសង្គមថ្មី ដើម្បីជូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ប្រចាំថ្ងៃ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងឱ្យដឹងថា ស្ពានដែកបេឡេត៍ក្រាលឈើ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការជូនប្រជាពលរដ្ឋឆ្លងកាត់នៅពេលនេះ គឺជាស្ពានទីពីរហើយនៅក្នុងស្រុកសង្គមថ្មី ដែលស្ពានទី១ ឆ្លងកាត់ស្ទឹងស្តៅ មានប្រវែង ៤៣ម៉ែត្រ និងស្ពានទី២នេះ ឆ្លងកាត់អូតាណុប មានប្រវែង ២៤ម៉ែត្រ។

ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បានថ្លែងនូវការអរគុណដល់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានផ្តល់ដែកស្ពានចាស់ៗដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សម្រាប់យកមកសាងសង់ស្ពានចំនួន ២កន្លែងខាងលើនេះ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា ស្ពានដែកបេឡេត៍ក្រាលឈើឆ្លងកាត់អូរតាណុប ស្ថិតនៅភូមិក្បាលខ្លានេះ មានប្រវែង២៤ម៉ែត្រ មានទទឹង ៤.២ម៉ែត្រ ចាប់ផ្តើមសាងសង់នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ និងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

លោកប្រធានមន្ទីរបានបន្តថា ការកសាងស្ពានទាំងពីរកន្លែងនេះ គឺមិនបានប្រើប្រាស់ថវិកាជាតិនោះទេ គឺបានចូលរួមឧបត្ថម្ភពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នូវដែកស្ពានចាស់ៗ ចំណែកឈើក្រាលស្ពាន និងសរសរស្ពាន ចូលរួមឧបត្ថម្ភពីលោកទេសរដ្ឋមន្ត្រី មាស សុភា និងលោក ប្រាក់ សុវណ្ណ ផងដែរ៕