(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីបកស្រាយបំភ្លឺទាក់ទងនឹងករណី «បុរសម្នាក់បើកបរបុកសមត្ថកិច្ចជាប់នៅលើដំបូលរថយន្ត» ដែលហេតុការណ៍នេះបានកើតតាមបណ្តោយផ្លូវទំនប់៧០ ព្រំប្រទល់ខណ្ឌទួលគោក-ខណ្ឌឫស្សីកែវ នាថ្ងៃទី១៨ ខែកញ្ញា ម្សិលមិញ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សខាងលើ បានបកស្រាយថា ករណីដែលមានសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយរូបភាពមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកម្នាក់ជាប់នៅលើដំបូលរថយន្តម៉ាក Toyota Prius នោះ មិនមែនជាការចេញឃាត់ ឬក៏អនុវត្តច្បាប់ចរាចរណ៍នោះឡើយ គឺជាការជួយសម្រួលចរាចរណ៍នៅតាមដងផ្លូវទៅវិញទេ។

សេចក្ដីបំភ្លឺបានពន្យល់ពីដំណើរដើមចមយ៉ាងដូច្នេះថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៣៖០០ នាទី មានរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7987 បើកបរដោយឈ្មោះ ធ្លក សុខចំរើន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន បានធ្វើដំណើរតាមបណ្តោយផ្លូវទំនប់៧០។ នៅពេលដែលធ្វើដំណើរមកដល់ម្តុំបឹងកក់ ស្របពេលដែលសមត្ថកិច្ចកំពុងតែជួយសម្រួលការកកស្ទះនៅគោលដៅផងនោះ មន្ត្រីរូបនោះបានលើកដៃជាសញ្ញាបញ្ជាឱ្យរថយន្តនៅម្ខាងផ្លូវឈប់។ ដោយមូលហេតុបញ្ហាសុខភាពអ្នកបើកបររថយន្ត Prius មានស្ថានភាពមិនស្រួលខ្លួន ស្រវាំងភ្នែក ងងឹតមុខ នៅតែបន្តដំណើរយឺតៗទៅមុខ ដោយមិនបានឃើញសមត្ថកិច្ចឈរសម្រួលចរាចរណ៍នៅតាមដងផ្លូវឡើយ។ ឃើញស្ថានភាពកំពុងប្រឈមគ្រោះថ្នាក់ដូច្នេះ មន្ត្រីចរាចរណ៍រូបនោះមិនដឹងគេចទៅខាងណា ក៏ទ្រោបខ្លួនទៅលើរថយន្តព្រូសនោះ ដើម្បីចៀសផុសពីការគ្រោះថ្នាក់។ បន្ទាប់មកទៀត ក៏មានប្រជាពលរដ្ឋបាននាំគ្នាជួយឃាត់ អន្តរាគមន៍ ដោយខ្លះស្រែកផង ស៉ីផ្លេផង ទើបធ្វើឲ្យគាត់ស្វាងស្មារតីឡើងវិញ ហើយក៏បញ្ឈប់យានយន្ត ។ ក្រោយពេលកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ ក៏បានចុះទៅត្រួតពិនិត្យ និងនាំខ្លួនអ្នកបើកបរមកពិនិត្យជាតិស្រវឹង រួមទាំងនាំយករថយន្តខាងលើ មករក្សាទុកផងដែរ ប៉ុន្តែបុគ្គលអ្នកបើកបររថយន្តនោះមិនមានជាតិស្រវឹងឡើយ ពោលគឺគាត់ពិតជាមិនស្រួលខ្លួនមែន។

បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អ្នកបើកបរឈ្មោះ ធ្លក សុខចំរើន រូបនោះ ក៏បានទទួលស្គាល់នូវកំហុស ហើយបានធ្វើកិច្ចសន្យា ព្រមទាំងក៏បានថតជាវីដេអូ ដើម្បីធ្វើការបំភ្លឺអំពីដំណើររឿងនៃករណីនេះ ក៏ដូចជាការសុំទោសជាសាធារណៈចំពោះកំហុសដែលកើតមានឡើងដោយអចេតនា ដោយសារបញ្ហាសុខភាពនេះផងដែរ៕