(រតនគិរី-ស្ទឹងត្រែង)៖ លោកតា លោកយាយ អាយុ១០០ឆ្នាំឡើង ចំនួន៤នាក់បន្ថែមទៀតហើយ នៅខេត្ដរតនគិរី និងខេត្តស្ទឹងត្រែង ទទួលបានអំណោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ទាប់ពីពួកគាត់បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

អំណោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នាំយកទៅប្រគល់ជូនដល់ខ្នងផ្ទះ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោកតា និងលោកយាយ អាយុ១០០ឆ្នាំឡើង ដែលទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នៅខេត្តរតនគិរី រួមមាន៖

*ទី១៖ លោកយាយឈ្មោះ ហ្វឿយ ផាន់ អាយុ១០៥ឆ្នាំ ជនជាតិខ្មែរឡាវ រស់នៅភូមិបាក់កែ ឃុំវើនសៃ ស្រុកវើនសៃ
*ទី២៖ លោកយាយឈ្មោះ ទៀង យ៉ល អាយុ១០២ឆ្នាំ រស់នៅឃុំចាអ៊ុង ស្រុកអូរជុំ
*ទី៣៖ លោកតាឈ្មោះ កាយិន តាម៉ង អាយុ១០៤ឆ្នាំ ជនជាតិដើមភាគតិចក្រឹង រស់នៅភូមិចាអ៊ុងចាន់ ឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។

បន្ទាប់ពីបញ្ចប់ពិធីប្រគល់ជូនអំណោយជូនលោកតា លោកយាយ នៅខេត្តរតនគិរី និងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខេត្តរតនគិរីរួចមក លោកស្រី ឱ វណ្ណឌីន បានដឹកនាំក្រុមការងារធ្វើដំណើរឆ្ពោះមកកាន់ខេត្តស្ទឹងត្រែង ដើម្បីប្រគល់អំណោយជូនលោកយាយម្នាក់ទៀត ដែលមានអាយុ១០១ឆ្នាំ នៅស្រុកសៀមប៉ាង។

ក្រុមការងារដែលដឹកនាំដោយលោកស្រី ឱ វណ្ណឌីន ត្រូវធ្វើដំណើរជាច្រើនម៉ោងបានទៅដល់ផ្ទះរបស់គាត់ ដោយឆ្លងកាត់ផ្លូវដែលមានចម្ងាយឆ្ងាយ ពិសេសជិះតាមផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ ដែលជាកន្លែងធ្លាប់ប៉ះទង្កិះគ្នារវាងកងទ័ពកម្ពុជា និងឡាវ កាលពីឆ្នាំ២០១៧កន្លងទៅ ទើបទៅដល់ផ្ទះរបស់លោកយាយខាងលើ។

លោកយាយដែលទទួលបានអំណោយនោះ ឈ្មោះ ញូ បុប្ផា អាយុ១០១ឆ្នាំ រស់នៅភូមិខាំភោគ ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលជាជនជាតិខ្មែរ-ឡាវ។

ក្នុងឱកាសប្រគល់អំណោយនោះ លោកស្រី ឱ វណ្ណឌីន តែងតែបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនពួកគាត់ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាព ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ និងមូលហេតុអ្វីដែលជំរុញឲ្យពួកគាត់ ទៅទទួលយកនូវការចាក់វ៉ាក់សាំង។

លោកតា លោកយាយទាំង៤នាក់ ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។

ពួកគាត់បានបង្ហាញនូវការយល់ឃើញថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺពិតមានជាសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគាត់ បើទោះបីពួកគាត់ចាស់ជរាក៏ពិតមែន ប៉ុន្ដែវ៉ាក់សាំងអាចការពារពួកគាត់កុំឲ្យឆ្លងជំងឺកូវីដ១៩ បើទោះបីពួកគាត់ឆ្លងដោយប្រការណាមួយ ក៏មិនបណ្ដាលឲ្យគាត់ឈឺធ្ងន់ធ្ងរនោះដែរ។

សូមជម្រាបថា តាមផែនការដែលបានគ្រោងទុក លោកស្រី ឱ វណ្ណឌីន នឹងដឹកនាំក្រុមការងារធ្វើដំណើរឆ្ពោះទៅខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ ដើម្បីបន្ដប្រគល់អំណោយមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន ជូនមនុស្សចាស់ដែលមានអាយុ១០០ឆ្នាំឡើង នៅទីនោះម្នាក់ទៀត។ បន្ទាប់ពីបញ្ចប់នៅខេត្តព្រះវិហារ ក្រុមការងាររបស់លោកស្រី ឱ វណ្ណឌីន នឹងបន្ដដំណើរទៅកាន់ខេត្តកំពង់ចាម ដើម្បីប្រគល់អំណោយនៅទីនោះបន្ថែមទៀត៕