(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅខណ្ឌឫស្សីកែវ ដែលមកទទួលវ៉ាក់សាំងដូសទី៣ ជាដូសជំរុញ (អាស្ត្រាហ្សេនីកា) និងអាណាព្យាបាលកុមារអាយុចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ មកទទួលវ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ បានសម្ដែងនូវការសប្បាយរីករាយ និងការគាំទ្រ និងសូមថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា។

ការគាំទ្រ និងការថ្លែងអំណរគុណរបស់អាណាព្យាបាល និងប្រជាពលរដ្ឋចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃនេះ បានធ្វើឡើងតាមរយៈលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ និងមានការរួមដំណើរពីលោកស្រីអភិបាលរងខណ្ឌ សួស សូលីដា និងមន្ត្រីមួយចំនួនទៀត ក្នុងពេលចុះត្រួតពិនិត្យមណ្ឌលចាក់វ៉ាក់សាំងគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះទី១ និងមណ្ឌលចាក់វ៉ាក់ នៃមន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ សង្កាត់គីឡូម៉ែត្រលេខ៦ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

ការចុះត្រួតពិនិត្យនេះ, លោក ឯក ឃុនដឿន នៅបន្តអំពាវនាវឱ្យប្រជាពលរដ្ឋ និងបងប្អូនកូនក្មួយទាំងអស់ ដែលទទួលបានការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ-១៩ រួចហើយក៏ដោយ តែសូមកុំភ្លេចនូវការបន្តថែរក្សាសុខភាព តាមរយះការធ្វើអនាម័យជាប់ជានិច្ច គឺការអនុវត្តវិធានការ «៣កុំ និង៣ការពារ» ជាប្រចាំព្រោះកូវីដ១៩ ពិសេសកូវីដបំប្លែងថ្មី មិនងាយភ្លេចយើងទេ ដែលជាសារផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា៕