(ភ្នំពេញ)៖ សមាគមពុទ្ធសាសនិកកម្ពុជា-ចិន នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រគល់ម៉ាស់ចំនួន ១០,០០០ បន្ទះ ជូនដល់អង្គការស្មារតីកីឡា។

លោក ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមពុទ្ធសាសនិកកម្ពុជា-ចិន ដែលជានិច្ចកាលតែងចូលរួមយ៉ាងសកម្មជាមួយបណ្តាសង្គមស៊ីវិលនានាក្រោមម្លប់សន្តិភាព នីតិរដ្ឋ និងលំហសេរីភាពពេញលេញនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកក៏នឹងបន្តសកម្មភាពក្នុងនាមជាស្ពានមេត្រីភាពនៃចំណងទាក់ទងរវាងបណ្តាសង្គមស៊ីវិលនានា ដើម្បីបង្កើនសាមគ្គីភាព និងភាតរភាពរវាងបណ្តាសង្គមស៊ីវិលកម្ពុជានិងចិន ប្រយោជន៍ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គមជាតិ។

ក្នុងនាមប្រធានសមាគមពុទ្ធសាសនិកកម្ពុជា-ចិន ព្រះតេជគុណ ចាវ ស៊ីន អនុប្រធានសមាគមបានមានថេរដីកាថា ជំនួយឧបត្ថម្ភ ដែលមានម៉ាស់ចំនួន ១០,០០០ បន្ទះនាថ្ងៃនេះ គឺជាសក្ខីភាពនៃចំណងទាក់ទងជាមេត្រីភាពរវាងពុទ្ធសាសនិកនៃប្រទេសយើងទាំងពីរ ដែលមានទម្រដ៏រឹងមាំនៃទំនាក់ទំនងដែកថែបរវាងប្រជាជាតិនៃប្រទេសយើងទាំងពីរ ហើយក៏ជាការចូលរួមបំពេញនូវតម្រូវការជាក់ស្តែងមួយចំនួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

គួរជម្រាបថា សមាគមពុទ្ធសាសនិកកម្ពុជា-ចិន ត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃកាលពីខែឧសភា ឆ្នាំ២០១៩ ដោយមានបេសកកម្មការងារចំនួន ៤ ជាសំខាន់គឺ ១-ការចែករំលែក និងផ្សព្វផ្សាយពីព្រះពុទ្ធសាសនា ២-ការចែករំលែកទានដល់ប្រជាជនទូទៅ និងចូលរួមបំពេញតម្រូវការជាក់ស្តែងរបស់ប្រជាជន ៣-ការបង្រៀនភាសាចិន និង ៤-ការសិក្សាស្រាវជ្រាវ ការផ្សព្វផ្សាយ និងការបោះពុម្ពផ្សាយពីទំនាក់ទំនងជាប្រពៃណីរវាងពុទ្ធសាសនិកកម្ពុជានិងចិន។

ការផ្តល់ម៉ាស់នាថ្ងៃនេះ គឺជាការចូលរួមក្នុងការគាំទ្រដល់បេសកកម្មការងាររបស់អង្គការស្មារតីកីឡា ជាពិសេសលើការចូលរួមផ្តល់នូវសម្ភារវេជ្ជសាស្រ្តនានា សំដៅចូលរួមទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺកូវីដ១៩ ហេីយអង្គការស្មារតីកីឡានឹងប្រើប្រាស់នូវជំនួយសប្បុរសទាំងនេះ ដើម្បីចូលរួមចំណែកក្នុងការបង្កើនសុខភាពរបស់ប្រជាជន និងលើកទឹកចិត្តដល់កីឡា ព្រមទាំងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពនូវរាល់គ្រប់វិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជាលើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕