(បន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួនមេខ្យល់ចំនួន០៣នាក់ និងវត្ថុតាងពាក់ព័ន្ធករណីនាំពលករឆ្លងដែនទៅបរទេសដោយខុសច្បាប់ ទៅសាលាដំបូងខេត្តបបន្ទាយមានជ័យ។

កម្លាំងវរៈការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ បានចុះល្បាតតាមបន្ទាត់ព្រំដែន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការវរៈកងការពារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយបានប្រទះឃើញរថយន្តចំនួន២គ្រឿង ដែលមានបំណងឆ្លងដែនទៅប្រទេសថៃ ដោយឃើញដូច្នេះ កម្លាំងក៏ឃាត់រថយន្តទាំ០២គ្រឿងនោះ ហើយធ្វើការត្រួតពិនិត្យឃើញថា មានមនុស្សជិះក្នុងរថយន្តទាំង០២គ្រឿង នោះចំនួន២៧នាក់ ក្នុងនោះមានស្រ្តីចំនួន១១នាក់ កុមារចំនួន០២នាក់ បន្ទាប់មកកម្លាំងកងការពារព្រំដែន៥០៣ បានរាយការណ៍ និងបញ្ជូនមកប្រគល់មកឱ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ក្នុងចំណោម២៧នាក់ និងមានមនុស្សចំនួន ៣នាក់ជាមេខ្យល់រួមមាន៖

ទី១៖ ឈ្មោះ តុង កុត ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី
ទី២៖ ឈ្មោះ មឿយ ផល្លី ភេទស្រី អាយុ៤១ឆ្នាំ បច្ចុប្បន្ន អ្នកទាំង០២ រស់នៅភូមិត្រាំកង់ ឃុំជន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
និងទី៣៖ ឈ្មោះ ស្មឿន លីហ៊ាង ភេទប្រុស អាយុ៣៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិកំណប់ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ចំណែកពលករបម្រុងចេញ ទៅប្រទេសថៃចំនួន២៤នាក់ រួមទាំងកុមារ០២នាក់ផងនោះត្រូវបានកម្លាំងវរៈការពារព្រំដែន៥០៣ បញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យសម្ដេចឪ ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានឱ្យដឹងទៀតថា ជនសង្ស័យទាំង០៣នាក់ ក្រោយកម្លាំងជំនាញធ្វើការសួនាំរួចបានឆ្លើយសារភាពថា ពួកគេពិតជាបានដឹកពលករទាំងអស់នោះ ដើម្បីយកឱ្យមេខ្យល់ម្នាក់ទៀតពុំស្គាល់អត្តសញ្ញាណទេ គឺទាក់ទងគ្នាតាមទូរស័ព្ទ ពេលមកដល់មាត់ច្រកព្រំដែនទើបកម្លាំកងទ័ពឃាត់ខ្លួនបានតែម្ដង ចំពោះស្រ្តីឈ្មោះ មឿយ ផល្លី ត្រូវជាប្រពន្ធរបស់ឈ្មោះ តុង កុត មិនដឹងរឿងអ្វីនោះទេព្រោះថ្ងៃនោះប្តីរបស់គាត់ហៅមកជាមួយបានជាគ្នា ព្រោះប្តីរបស់គាត់មិនស្រួលខ្លួន៕