(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១២៖៣៩នាទីថ្ងៃត្រង់ មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៣ (GS3-F15A) មូលហេតុបណ្ដាលមកពីក្រុមការងារ របស់ក្រុមហ៊ុនលំនៅដ្ឋានមួយ ប្រើប្រាស់ដង Crane ស្ទូចស៊ីម៉ង់ដាច់ខ្សែកាបវាត់ ប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ៖ (១) សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ, (២) សង្កាត់ទឹកថ្លា សង្កាត់គោកឃ្លាង សង្កាត់ភ្នំពេញថ្មី និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១៨៖០០នាទីល្ងាច។

អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕