(កំពង់ចាម)៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី០៦ ឆ្នាំដល់អាយុ១២ឆ្នាំ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានថ្លែងថា ដោយអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញជាផែនការ បើកយុទ្ធនាការចាក់វ៉ាក់សាំងជាបន្តបន្ទាប់ ជូនដល់ប្រជាពលរដ្ឋ ចាប់ពីវ័យចំណាស់ឈានមកដល់ វ័យកុមារអាយុចាប់ពី៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំនាពេលនេះ ដោយសង្កេតឃើញថា ជិតគ្រប់គ្នាហើយ នៃប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមកទទួលយកការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ។

លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ប្រការដែលប្រជាពលរដ្ឋ មកទទួលយកការចាក់វ៉ាក់សាំងនេះ ប្រៀបបានទៅនឹងការបានទទួលអាវការពារ ដែលអាចកាត់បន្ថយបាននូវការឆ្លងនៃជំងឺកូវីដ១៩ នៅកម្រិតមួយ ដែលយើងអាចជឿទុកចិត្តបាន។

លោក អ៊ុន ចាន់ដា បានបន្តថា ជាបទពិសោធន៍កន្លងទៅសង្កេតឃើញថា បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំង អត្រានៃការឆ្លងសម្រាប់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម មានកម្រិតទាប ពោលគឺពេលមិនទាន់បានចាក់វ៉ាក់សាំង អត្រានៃការឆ្លងក្នុងមួយថ្ងៃរកឃើញមិនក្រោមពី ៥០នាក់នោះទេ ប៉ុន្តែក្រោយពេលបានចាក់វ៉ាក់សាំង អត្រានៃការឆ្លងបានធ្លាក់ចុះ មានថ្ងៃខ្លះរកឃើញវិជ្ជមានត្រឹមតែជាង ១០នាក់ប៉ុណ្ណោះ។ ដូច្នេះ មកដល់ពេលនេះឃើញថាឥទ្ធិពលវ៉ាក់សាំង ពិតជាបានផ្ដល់ផលប្រយោជន៍យ៉ាងសំខាន់ក្នុងការ ការពារសុខមាលភាពរបស់ប្រជាពលរដ្ឋយើង ឱ្យរួចផុតពីការឆ្លងជំងឺកូវីដ១៩។

លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារចាប់ពីអាយុ០៦ ឆ្នាំដល់ក្រោម១២ឆ្នាំនេះ ក្នុងផែនការមានកុមារសរុបចំនួនប្រមាណជា ១០ម៉ឺន ៦ពាន់នាក់ ដោយក្នុងខេត្ត រដ្ឋបាលខេត្តសម្រេចយកទីតាំងមន្ទីរពេទ្យបង្អែកសម្រាប់ចាក់វ៉ាក់សាំងជូនកុមារ ចំណែករដ្ឋបាលក្រុង ស្រុក ចំនួន៩ទៀត ក៏បានចាប់ដំណើរការចាក់វ៉ាក់សាំងជូនកុមារព្រមគ្នា ក្នុងថ្ងៃតែមួយនេះដែរ។

ម្យ៉ាងទៀតដោយរដ្ឋបាលខេត្ត និងចាប់បើកឱ្យសិស្សថ្នាក់បឋមឱ្យចូលរៀនវិញនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ខាងមុខ ដូច្នេះ ការបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនកុមារចាប់ពីអាយុ០៦ ឆ្នាំ ដល់ក្រោម ១២ឆ្នាំនាពេលនេះ ទម្រាំដល់ថ្ងៃបើកអោយចូលរៀនវិញ ក្មួយៗកុមារអាចឈានដល់បានចាក់វ៉ាក់សាំងម្ជុលទី២ និងបានទទួលភាពស៊ាំក្នុងខ្លួន ដើម្បីការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕