(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា។

សេចក្ដីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលនៅថ្ងៃនេះ បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុរួចមក បានបង្ហាញឲ្យឃើញថា៖ បច្ចុប្បន្នកម្ពុជា បាននិងកំពុងបន្តទទួលរង នូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ដែលធ្វើឲ្យភ្លៀងនៅតែបន្តមាន ក្នុងកម្រិតពីតិចទៅមធ្យម។

ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ អាកាសធាតុមានការប្រែប្រួលខ្លាំង ដោយប្រពន្ធ័សម្ពាធទាប ចាប់កើតសារជាថ្មី ភ្ជាប់ជាមួយនឹងសម្ពាធទាបសកម្ម ដែលបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូង នឹងអូសកាត់បញ្ជិតកម្ពុជាផ្នែកខាងជើង ដែលអាចនឹងធ្វើឲ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅខ្លាំង។

ទន្ទឹមនឹងនេះ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នឹងអាចមានវិសម្ពាធមួយកើតឡើង នៅសមុទ្រចិនខាងត្បូង នឹងអាចបង្កើនឥទ្ធិពលរបស់ខ្លួនទៅជាកូនព្យុះទី១៥ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដោយធ្វើដំណើរឆ្ពោះមកប្រទេសវៀតណាម ដែលនឹងអាចមានឥទ្ធិពលគួរឲ្យកត់សំគាល់ នៅតំបន់ភាគឦសានរបស់កម្ពុជា ។

យោងតាមការព្យាករលក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ មានស្ថានភាព ដូចខាងក្រោម៖

១៖ តំបន់វាលទំនាប៖ ផ្ទៃមេឃមានពពកច្រើន មានអ័ព្ទ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ។

២៖ តំបន់ខ្ពង់រាប៖ ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ៖ ផ្ទៃមេឃអាប់អួរមានពពកច្រើនអ័ព្ទផ្សែង នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ (ស្រុកវាលវែង) ឧត្តរមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំតាមរយៈស្ទឹងសែន ដែលអាចនឹងបង្កទៅជាជំនន់ ។

៣៖ តំបន់មាត់សមុទ្រ៖ ផ្ទៃមេឃអាប់អួរមានពពកច្រើន អ័ព្ទផ្សែង នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់ មានល្បឿនមធ្យម ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តកោះកុង ពិសេសផ្លូវជាតិលេខ៤ អាចគំរាមកំហែងដោយជំនន់ទឹកភ្លៀង។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់ និងរលកសមុទ្រមានកម្ពស់មធ្យម ។

យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន នឹងសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕