(សៀមរាប)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងមន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានចុះចែកឱសថ (Lianhua Qingwen Jiaonang) ជូនដល់ប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់ត្រូវបិទខ្ទប់ នាសង្កាត់ជ្រាវ ក្រុងសៀមរាប ដែលកំពុងទទួលការរីករាលដាល នៃជំងឺកូវីដ-១៩។

លោករដ្ឋមន្ត្រី បានថ្លែងថា «ជាគោលការណ៍របស់រដ្ឋាភិបាលកម្ពុជា ជារួមនិងជាពិសេស នៅខេត្តសៀមរាប នាពេលនេះ គឺមន្ត្រីនិងអាជ្ញាធរមានសមត្ថកិច្ចយើង ត្រូវផ្ដល់ឱសថព្យាបាលនេះ ដល់បងប្អូនប្រជាពលរដ្ឋយើង នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ដែលរដ្ឋបាលខេត្តសម្រេចកំណត់ជា "តំបន់ក្រហម"។ ដែលបច្ចុប្បន្នយើងមានឱសថប្រភេទនេះ សរុបចំនួន ២លានគ្រាប់ ដែលត្រូវចែកជូនដល់ប្រជាពលរដ្ឋ នៅតាមកន្លែងដែលមានការរីករាលដាលជម្ងឺកូវីដ-១៩»

លោកក៏បានផ្ដល់អនុសាសន៍ថា សំខាន់បំផុត សម្រាប់ការប្រយុទ្ធប្រឆាំងការរីករាលដាលកូវីដ-១៩ គឺទីមួយ ត្រូវចូលរួមចាក់ថ្នាំបង្ការទាំងអស់គ្នា និងទីពីរ ៣កុំ ៣ការពារ គឺជាវិធីដែលមានប្រសិទ្ធិភាព។ ៣កុំ គឺកុំចាប់ដៃគ្នា, កុំទៅកន្លែងណា ដែលមានមនុស្សច្រើន, កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញចូល។ ចំណែក ៣ការពារ គឺត្រូវនាំគ្នាពាក់ម៉ាស់ឲ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង, ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឲ្យបានញឹកញាប់, ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តសម្រេចកំណត់ជា តំបន់ក្រហម នៅក្នុងភូមិសាស្ត្រសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់ជ្រាវ ភូមិតាវៀន សង្កាត់សាលាកំរើក និងភូមិព្រៃធំ ភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន រយៈពេល ១(មួយ)សប្ដាហ៍ គិតចាប់ពីវេលាម៉ោង ១៣:០០ នាទីរសៀល នាថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រហូតមានការចេញសេចក្តីសម្រេចជាថ្មី។

រដ្ឋបាលខេត្តក៏សម្រេចកំណត់ជា តំបន់លឿងទុំ នៅក្នុងភូមិសាស្ត្រសង្កាត់សាលាកំរើក សង្កាត់នគរធំ សង្កាត់សៀមរាប សង្កាត់ស្រង៉ែ សង្កាត់ទឹកវិល សង្កាត់ក្របីរៀល សង្កាត់ចុងឃ្លៀស និងសង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រយៈពេល ១(មួយ)សប្តាហ៍ គិតចាប់ពីវេលាម៉ោង ១៣៖០០ នាទីរសៀ នាថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាល់ជាលនៃជំងឺកូន វីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប លើកលែងតែភូមិសាស្ត្រភូមិ និងសង្កាត់ ដែលត្រូវបានកំណត់ជា តំបន់ក្រហម៕